ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នៅរដូវកាលឆ្នាំ២០១៩ ខាងមុខ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាសេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (ស.ប.ក) បន្ថែមចំនួនសមាជិករហូតដល់១៤ក្រុម ដែលតម្រូវឱ្យប្រកួតប្រជែងគ្នារយៈពេល៨ខែ ទើបរកឃើញម្ចាស់ជើងឯកជាផ្លូវការបាន។
តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ចំណែកក្រុមដែលចូលរួមទាំង១៤វិញនោះមានណាហ្គាវើល,បឹងកេត,វិសាខា,ក្រសួងការពារជាតិ,ភ្នំពេញក្រោន,អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ,អង្គរថាយហ្គឺរព្រះខ័នរាជស្វាយរៀង,សូលទីឡូអង្គរ,អគ្គីសនីកម្ពុជា។ ចំណែកក្រុមលេចមុខថ្មី៣ក្រុមគឺ គីរីវង់សុខសែនជ័យ,ខេត្តកំពង់ចាម និង U18 សាលាបាល់ទាត់ជាតិបាទី។
យោងតាមវិបសាយរបស់ CNCC បានបញ្ជាក់ថាការដំឡើងក្រុមទាំង ៣ ខាងលើនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលថ្មីៗ។ ការសម្រេចរបស់ គណៈកម្មាធិការប្រតិបត្តិ ក្នុងការដំឡើង គីរីវង់សុខសែនជ័យ និង ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដោយសារមិនមានការប្រកួតលីគ២ នាឆ្នាំកន្លងទៅ។ ប៉ុន្តែ គណៈកម្មាធិការប្រតិបត្តិ បានពិនិត្យឃើញថាទោះបី ក្រុម ទាំងពីរលេងនៅលីគ ២ ក៏មានលទ្ធភាពអាចឡើងមក លីគកំពូលបានដែរ។ ចំណែក ការដាក់បញ្ចូល U18 សាលាបាល់ទាត់ជាតិ គឺ ដើម្បីឲ្យពួកគេសុំាទៅនឹងការប្រកួតធំ និង បង្កើនសមត្ថភាពឲ្យបានខ្ពស់ ក្នុងបំណងឲ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រុមជើងឯកលីគកំពូលកម្ពុជាមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិមួយចំនួនដូចជាពានរង្វាន់ AFC Cup, Mekong Championship និងពានរង្វាន់មួយចំនួនទៀត។ចំណែកក្រុមបាតតារាងឆ្នាំចាស់វេស្ទើនភ្នំពេញ ជាក្រុមតែមួយគត់ដែលត្រូវកាត់ចេញពីលីគកំពូលនាឆ្នាំ ២០១៨ ក៏ព្រោះតែប្រធានក្លិបមួយនេះបានអះអាងថាក្លិបមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ដំណើរការក្លិប៕
Source: Kampuchea Thmey Daily
0 Comments