Ad Code

កីឡាករ ពុំ តុលា បង្ហាញ​ទស្សនៈ​របស់ខ្លួន​ជាមួយ​ក្លិប​ថ្មី​ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​



កីឡាករ ពុំ តុលា ដែល​ធ្លាប់បាន​រួមរស់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ជាង​១០​ឆ្នាំ បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល កាលពីដើម​ខែវិច្ឆិកា កន្លងទៅ​ដើម្បី​ត្រៀម​ប្រកួត​នៅ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​។​

កីឡាករ​រូបនេះ​ បានលើកឡើង​ពី​ទស្សនៈ​របស់ខ្លួន​ក្រោយ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​ថ្មី​បាន​មួយរយៈ​ធំ​មកនេះ​ថា ​៖ «​ក្រុម​របស់​យើង​មានការ​រៀបចំ​បាន​ល្អ ទាំង​មាន​រចនាសម្ព័ន្ធ​ក្នុង​ក្រុម និង​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ ហើយ​បើ​និយាយ​ពី​ក្លឹប​យើង​ទាំងមូល​គឺ​យើង​រៀបចំ​លក្ខណៈ​ស្តង់ដារ​អាជីព ដូចជា​យើង​មាន​អ្នក​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់ អ្នកចាត់ការ​ក្លឹប អ្នកចាត់ការ​ក្រុម គ្រូធំ គ្រូ​ជំនួយ និង​ជាច្រើន​ផ្នែក​ផ្សេងៗ​ទៀត ហើយ​ចំពោះ​កីឡាករ​ម្នាក់ៗ​វិញ​គឺ​ពួកគាត់​មាន​ភាព​រីកចម្រើន​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​»​។​

កីឡាករ​រូបនេះ​បាន​បន្តថា ​៖ «​ខ្ញុំ​យល់ថា​ពួកយើង​ត្រៀមខ្លួន​រួចរាល់​ហើយ ព្រោះ​យើង​មានការ​រៀបចំ​ល្អ​ដូចជា ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត Pre-Season នៅ​ប្រទេស​ថៃ ក៏ដូចជា​ធ្វើការ​ប្រកួត​លក្ខណៈ​មិត្តភាព​ផ្សេងៗ ហើយ​រយៈពេល​មួយខែ​នេះ​វា​មិន​លឿន ឬក៏​មិន​យូរ​ពេក​ដែរ​សម្រាប់​ពួក​យើង​ក្នុង​ការចូល​លេង​លី​គនេះ។ ទន្ទឹមនឹង​ការរៀបចំ​ខ្លួន​យ៉ាង​ល្អ​នេះ ខ្ញុំ​ចង់​ឲ្យ​មិត្ត​រួម​ក្រុម​ខ្ញុំ​ព្យាយាម​ប្រមូល​អារម្មណ៍​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​សម្រេចបាន​គោលដៅ​ទាំងអស់គ្នា និង​ចុងក្រោយ​នោះ​គឺ​វិន័យ​ក្នុងនាម​ជា​កីឡាករ​អាជីព​»​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់ថា​ ក្លិប​សម្រេចចិត្ត​នាំយក​កីឡាករ​រូប​មកជួយ​ក្រុម​ក្នុង​បេសកម្ម​សំខាន់ៗ​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។ កីឡាករ​ចាស់វស្សា​រូប​នេះ បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់ខ្លួន​តាំងពី​ឆ្នាំ​២០០៦ ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​ពេលនោះ​មាន​ឈ្មោះថា Phnom Penh FC ហើយ​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨​រូបគេ​បាន​ផ្ទេរ​ទៅលេង​នៅ​ក្រុម​ក្រសួងការពារជាតិ​វិញ​ម្តង​។​

​ចំណែក​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូបគេ​ធ្លាប់បាន​កោះហៅ​ឱ្យចូល​ជា​សមាជិក​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា ផងដែរ គ្រា​នៅ​ឆ្នាំ​២០០៧​។ បន្ទាប់មក​នៅ​ឆ្នាំ​២០១១ កីឡាករ​រូបនេះ​ត្រូវបាន​ជ្រើសរើស​ចូល​ក្រុម​ឈុត​ធំ​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក​គ្រូ Lee Tae Hoon ហើយ​ចុងក្រោយ​បាន​ជាប់​ម្តងទៀត​នៅ​ឆ្នាំ​២០១៧ ដែល​ជ្រើសរើស​ដោយ​អតីត​គ្រូធំ​ក្រុម​គោព្រៃ​កម្ពុជា លោក Leonardo Vitorino ផ្ទាល់​។​

ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ថ្មីៗ​នេះ បានតែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បានទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​៕
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu