Ad Code

AFC Cup​ ៖​ ក្រុម​ណាហ្គា​វើ​ល ទទួល​ក្រុម​Yangon United របស់​មី​យ៉ាន់​ម៉ា នៅ​ម៉ោង​៦និង៣០នាទី​ល្ងាច​ថ្ងៃ​អង្គារ​នេះ



​ក្រោយ​ប្រកួត​ចាញ់​ក្រុម Hanoi FC ដោយ​លទ្ធផល ១០​ទល់​០ កាលពី​ចុងខែ​កុម្ភៈ កន្លង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​F នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០១៩ នេះ​ក្រុម​ណាហ្គា​វើ​ល របស់​កម្ពុជា នឹង​បន្ត​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្តទៀត ដោយ​ត្រូវ​ទទួល​ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា ម្តង​នៅ​រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​បញ្ជាក់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) នៅក្នុង​ប្រកួត​លើក​ទី​២​ប្រចាំ​ពូ​ល​F នេះ​ត្រូវ​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន Baraa Aisha ខណៈ​ការប្រកួត​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ លោក Barra Aisha ត្រូវបាន AFC កោះហៅ​ឱ្យ​ដឹកនាំ​ប្រកួត​សំខាន់ៗ​មួយចំនួន​នៅក្នុង​ទ្វីបអាស៊ី​ត្រឹម​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ទាំង​ក្នុង​ពានរង្វាន់ AFC Cup, AFC Champion League និង​ពានរង្វាន់ AFC Asian Games ជាដើម​។



ក្រុម Yangon United ដឹកនាំ​ដោយ​លោក​Myo Min Tun ដែលជា​គ្រូបង្វឹក​បាន​នាំ​យក​សមាជិក​តែ​១៨​នាក់​ប៉ុណ្ណោះ មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ខណៈ​កីឡាករ​មួយចំនួន​៥​រូប​គឺ​Kyaw Zin Htet, Pyae Phyo Zaw, Min Kyaw Khant, Maung Maung Lwin និង Nyein Chan Aung ជាប់​ឈ្នះ​ក្នុង​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី និង​តៃវ៉ាន់ នៅ​ចុងខែ​មីនា នេះ​។

​ចំណែក​ក្រុម​ណាហ្គា​វើ​ល របស់​លោក មាស ចាន់ណា វិញ​គឺ​ត្រូវ​ការស្តារ​កិត្តិយស​ឡើងវិញ​ក្រោយ​បរាជ័យ​យ៉ាង​ចាស់ដៃ​នៅ​រដ្ឋធានី​ហាណូយ ខណៈ​កីឡាករ​ទាំងអស់​សុទ្ធតែ​បាន​ប្រមូលផ្តុំ​និង​ហ្វឹកហាត់​រួមគ្នា​បាន​មួយ​រយៈ​មក​ហើយ​។ ៣​ពិន្ទុ​ក្នុង​ប្រកួត​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​ណាហ្គា​វើ​ល ដែល​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ស្រវា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។



ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ពី​តំបន់​អាស៊ាន​ផ្សេងទៀត ដោយ​ក្នុងនោះ​មាន​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) និង Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​)​។ សម្រាប់​តំណាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​ម្នាក់​១​លើក​មក​ឃើ​ង​ថា​ក្រុម Hanoi FC ឈរ​លេខ​១ មាន​៣​ពិន្ទុ​ដូចគ្នា​នឹង​ក្រុម​លេខ​២ Tampines Rover ហើយ​ក្រុម Yangon United ឈរ​លេខ​៣​និង​ណាហ្គា​វើ​ល ឈរ​លេខ​៤​មិនទាន់មាន​ពិន្ទុ​កាន់​ដូចគ្នា​។ ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ កុម្ភៈ តទៅ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។

នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុង​ការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់​បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​។ ​សូម​រំលឹក​ថា ​សម្រាប់​ឆ្នាំ ២០១៨​ក្នុង​ពានរង្វាន់ AFC Cup ជើងឯក​បាន​ទៅ​ក្លិប Al-Quwa Al-Jawiya របស់​អ៊ីរ៉ាក់​ក្រោយ​ឈ្នះ​ក្លិប Altyn Asyr របស់​ទួ​រ​មេ​នី​ស្ថាន ក្នុង​លទ្ធផល ២-០ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​កីឡដ្ឋាន​Basra Sports City ក្នុង​ទីក្រុង Basra​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណជាង​២ម៉ឺន​នាក់​ កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅថ្មីៗ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu