Ad Code

អ្នកជំនាញ​មកពី​ប្រទេស​ជប៉ុន ​បង្ហាញ​ពី​វិធីសាស្ដ្រ​អប់រំ​បែប​ជប៉ុន​ដល់​ឪពុកម្តាយ​កុមារ​កម្ពុជា



ភ្នំពេញ ​៖ ​អ្នកជំនាញ​មកពី​ប្រទេស​ជប៉ុន​ បានបង្ហាញ​ពី​វិធីសាស្ដ្រ​អប់រំ​បែប​ជប៉ុន​មួយចំនួន​ដល់​ឪពុកម្តាយ ​និង​អាណព្យាបាល​កុមារ​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​អប់រំ​បន្ត​ដល់​កូនចៅ​ឲ្យ​ក្លាយជា​ពលរដ្ឋ​សកល​និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​គុណភាព​ជីវិត​កុមារ ក្រោម​ប្រធានបទ​«​អប់រំ​កុមារ​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​»​ដែល រៀបចំឡើង​ដោយ​វិទ្យុ​ផ្កាឈូក​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន លោក តិ​ស្យូ ហា​តា​យូ​ឆិ (Testuo Hatta Youji)​អ្នកជំនាញ​អប់រំ​មកពី​ប្រទេស​ជប៉ុន​បានធ្វើ​ការណែនាំ​ដល់​អាណាព្យាបាល​ឪពុកម្តាយ​កុមារ​កម្ពុជា​ទាំងអស់​អប់រំ​ចំណេះដឹង​និង​សុខភាព​តាមរយៈ​ការអាន​សៀវភៅ​ទាក់ទង​នឹង​ការអប់រំ​ឬ​រឿងនិទាន​ផ្សេងៗ​ដល់​កុមារ​តាំងពី​តូច​រហូតដល់​អាយុ​៥​ឆ្នាំ​ដើម្បី​ពង្រឹង​ខួរក្បាល​និង​ការចងចាំ​របស់​កុមារ​ព្រមទាំង​ដឹកនាំ​កុមារ​ដើរ​ឲ្យ​បាន​៣​ម៉ឺន​ជំហាន​ក្នុង​១​ថ្ងៃ​ដើម្បី​ឲ្យ​កុមារ​មាន​រាងកាយ​មាំមួន​មាន​សុខភាព​ល្អ​និង​ជៀស​ផុតពី​ការឆ្លង​ជំងឺតម្កាត់​ផ្សេងៗ​។​

លោក តិ​ស្យូ ហា​តា​យូ​ឆិ បាន​មានប្រសាសន៍ថា ​ជាងនេះទៅទៀត​កុមារ​ត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​២​ពាន់​ក្បាល​ដល់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​ដើម្បី​ពង្រឹង​ការចងចាំ​និង​ឲ្យ​ខួរក្បាល​កុមារ​មាន​ភាពរហ័សរហួន​និង​ឆ្លាត​វ័យ​ពិសេស មិនត្រូវ​ឲ្យ​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​ប្រើប្រាស់​ទូរស័ព្ទដៃ​ឡើយ​ព្រោះ​អាច​បណ្តាល​ឲ្យ​កុមារ​ក្លាយជា​ក្មេង​ឯកោ មាន​ចរិត​ឆាប់​ខឹង​និង​មិនសូវមាន​ទំនាក់ទំនង​នៅក្នុង​សង្គម។

ការអញ្ជើញ​អ្នកជំនាញ​អប់រំ​មកពី​ប្រទេស​ជប៉ុន​នេះ​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​វិធីសាស្ដ្រ​ក្នុងការ​អប់រំ​និង​រៀបចំ​អនាគត​កុមារ​តូចៗ​ដល់​អាណាព្យាបាល​មួយចំនួន​នេះ ព្រោះថា​បច្ចុប្បន្ន​មាន​អាណាព្យាបាល​ខ្លះ​នៅ​មិនទាន់​ចេះ​ពី​របៀប​ថែទាំ​និង​ការអប់រំ​កូនចៅ​ឲ្យ​បានល្អ​ប្រសើរ​នៅឡើយ​ទេ​។​ចំណែក​គ្រួសារ​ខ្លះទៀត​ដោយ សារ​តែ​ជាប់រវល់​នឹង​កិច្ចការ​រកស៊ី​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​អប់រំ​ប្រៀនប្រដៅ​ដល់​កូនចៅ​របស់ខ្លួន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្មេង​មិនល្អ​នៅក្នុង​សង្គម​ផងដែរ។

លោកស្រី យូ​កុ អ៊ុយ​យ៉ាម៉ា នាយិកា​សាលា​ម​តេ្ត​យ្យ យូ​ស៊ី​ណូ អ៊ី​ណូ​ម៉ា​យ​នៃ​ប្រទេស​ជប៉ុន​បាន​មានប្រសាសន៍ថា​ដើម្បី​អប់រំ​កុមារ​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល គឺ​ត្រូវ​រួមគ្នា​ខិតខំ​ប្រឹងប្រែង​អប់រំ​កូនៗ​កុមារ​តូចៗ​តាំងពីក្មេង​ទាំង​នៅផ្ទះ​និង​នៅតាម​សាលា​ម​តេ្ត​យ្យ​ដើម្បី​ឲ្យ​កុមារ​ទទួលបាន​នូវ​ការអប់រំ​ល្អ​និង​ក្លាយជា​ទ្រព្យសម្បត្តិ​មហាសាល។

លោកស្រី​បាន​បន្តថា​«​ក្មេងៗ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ជា​ទ្រព្យសម្បត្តិ​មហាសាល​របស់​ប្រទេស​កម្ពុជា ចំណែកឯ​កុមារៗ​នៅ​ប្រទេស​ជប៉ុន​ក៏​ជា​ទ្រព្យសម្បត្តិ​មហាសាល​របស់​ប្រទេស​ជប៉ុន​ផងដែរ​។ ដូច្នេះ​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវតែ​ធ្វើការ​អប់រំ​ដល់​កុមារ​នៅក្នុង​ប្រទេស​នីមួយៗ ដើម្បី​ទទួលបាន​នូវ​អនាគត​នៃ​ប្រទេសជាតិ​របស់​យើង​ផងដែរ»។

លោក រស់​សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុ​ជាមាន​វប្បធម៌​និង​ប្រពៃ ណី​សម្រាប់​ការអប់រំ​ដល់​កូនចៅ​របស់ខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ​សិស្ស​ល្អ​និង​មិត្ត​ល្អ​នៅក្នុង​សង្គម​និង​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ថែមទៀត​ទៅ​ថ្ងៃ​អនាគត​។​

ទន្ទឹមនឹងនេះ​លោក​បាន​បន្តថា​ក្រសួង​ក៏បាន​លើកកម្ពស់​ការអាន​នៅ​កម្រិត​បឋមសិក្សា​រហូត​ដល់​គ្រប់​កម្រិត​ពិសេស​បាន​បង្កើត​ទិវា​ជាតិ​អំ​ណាន​ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ទម្លាប់​ការអាន​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំរុញ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​បង្កើន​ការអប់រំ​ពី​សីលធម៌​និង​សុជីវធម៌​ដល់​សិស្សានុសិស្ស​តាម​ថ្នាក់​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម។

សូមបញ្ជាក់​ផងដែរ​ថា​នេះ​គឺជា​លើក​ទី​២៥​ហើយ​ដែល វិទ្យុ​ផ្កាឈូក​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួមមាន​មូលនិធិ​អៀង គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន​(CJBI) និង​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ​សិក្ខាសាលា​និង​វេទិកា​ជជែក​ពិភាក្សា​ជា​រៀងរាល់ខែ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu