ប៉ៃលិន ៖ កាលពីវេលាម៉ោង ១៧ និង ៣០នាទីល្ងាចថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង បណ្តាលអោយខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈក្នុងផ្ទះទាំងស្រុង នៅចំណុចក្បែរខ្ទមអ្នកតា ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ៖ ផ្ទះពលរដ្ឋចំនួន ០១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ក្លាយជាចំណីភ្លើង ខូចខាតទាំងអស់គ្មានសល់ ដោយសារតែមិនមានអ្នកនៅចាំផ្ទះ ស្ថិតនៅភូមិ/ឃុំកើតហេតុខាងលើ ហើយចំពោះមូលហេតុនៃការឆាបឆេះនោះគឺមិនទាន់ដឹងនៅឡើយទេ ដោយអាជ្ញាធរ និងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកមូលហេតុ។
ប្រភពព័ត៌មាន បានបន្តថា ៖ ជនរងគ្រោះ ដែលផ្ទះត្រូវភ្លើងឆាបឆេះ មានឈ្មោះ សារី មករា ភេទប្រុស អាយុ ៣១ឆ្នាំ ជាកសិករ និងមានប្រពន្ធឈ្មោះ វ៉ាន់ សូយ អាយុ ២៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដោយខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិអស់ទាំងស្រុង ហើយករណីអគ្គិភ័យឆេះផ្ទះនេះ មិនបណ្តាលឲ្យមនុស្សរងបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ កំពុងធ្វើការស្រាវជ្រាវនៅនឹងកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ នៃករណីអគ្គិភ័យនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments