ប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនម្នាក់ស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងម្នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង១០នាទីល្ងាចថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមលោកវរសេនីយ៍ទោ រី តារា អធិការស្រុកសាលាក្រៅ បានឲ្យដឹងថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលចូលខាងស្ដាំ របស់រថយន្ត ដែលធ្វើដំណើរច្រាសទិសគ្នា ទើបបណ្តាលឲ្យគ្រោះថ្នាក់តែម្តង។
លោកបានបន្តថា ៖ ភាគីម៉ូតូមានគ្នាពីរនាក់ ទី១ឈ្មោះ យ៉ន ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាកMSX ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូង ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ចំណែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ប្លង់ វាសនា ភេទប្រុស រងរបួសស្រាល ទាំងពីរនាក់មានទីលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកបានបន្តទៀតថា ៖ ចំពោះភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នុំពេញ 3E-5382 ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានចុះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពជនរងគ្រោះ ត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ដោយឡែកវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋានគរបាលស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយគ្នា តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments