Ad Code

រថយន្ត​បា​ឡែ​ន ​​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​យុវជន​២​នាក់​រង​របួស​ធ្ងន់​ស្រាល​ រួចព្យាយាម​បើក​រត់​គេច​ខ្លួន​បាត់



រតនគិរី​ ៖ ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​យុវជន​២​នាក់​ពីក្រោយ ខណៈ​​កំពុង​ធ្វើដំណើរ​លើ​ដង​ផ្លូវ​ជាតិ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល ក្នុង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ ២០១៩​កន្លងទៅ នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ភូមិ​កា​តែ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៨ ស្ថិតនៅ​ក្នុងភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី។

មន្ត្រី​នគរបាល​រដ្ឋបាល​ឃុំ​លំ​ជ័រ​បាន​ឲ្យ​ដឹងថា ជនបង្ក​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ស អត់​ចាំ​ស្លាក​លេខ ក្រោយពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បាន​បើករថយន្ត​គេចខ្លួនបាត់​តែម្តង ហើយ​បន្សល់ទុក​ជនរងគ្រោះ​២​នាក់​នៅ​កន្លែងកើតហេតុ។

រីឯ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក អិ​ច សេន​ធឺ ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ រ​ចំ ពេញ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ មាន​ទីលំនៅ នៅ​ភូមិ​គ្លិ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគិរី រង​របួស​ស្រាល។

អ្នក​រួមដំណើរ​ឈ្មោះ លាង ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​១១៣ ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ រង​របួស​ធ្ងន់។

មន្ត្រី​នគរបាល​បន្ត​ថា មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បើក​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ​ចុះ​មក​អន្តរាគមន៍​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

ដោយឡែក​ម៉ូតូ ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍ យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ាវ​ដាវ​ដើម្បី​ស្រាវជ្រាវ​បន្ត​រក​រថយន្ត​បង្កហេតុ​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu