ភ្នំពេញ ៖ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និង លោក តុប ឈុនឡុង ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រេចប្រកាសសាលក្រមលើសំណុំជនជាតិចិន២នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យ៦០លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ជាង១០គីឡូក្រាម។
ជនជាប់ចោទ ទី១.ឈ្មោះ Lai Kuan Yu ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជនជាប់ចោទ។ ទី២.ឈ្មោះ Lin Chen Chia ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនដីគោកជាប់ចោទ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
គួរបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នៅ ប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈពួកគេរង់ចាំទទួលគ្រឿងញៀន ផ្ញើពីប្រទេស អាល្លឺម៉ង់ មកប្រទេសកម្ពុជា។
នៅពេលឃាត់ខ្លួនជនជាប់ចោទ សមត្ថកិច្ច បានដកហូតគ្រឿងញៀន ប្រភេទ អ៊ិចស្តាហ្ស៊ី (MD និង MA) ចំនួន១០០៨,៣៧ក្រាម (ជាង១០គីឡូ) ច្រកក្នុងកេសបិទជិត។
កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះ នៃសាលាដំបូងរាជធានី ធ្លាប់បានបើកសវនាការមុនអង្គសេចក្តី និងប្រកាសសាលក្រមសម្រេច រឹបអូសយកគ្រឿងញៀនទាំងអស់ ទុកបំផ្លាញចោល តាមនីតិវិធីរួចហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments