ភ្នំពេញ ៖ ជនជាតិចិន២នាក់ប្ដីប្រពន្ធ នាល្ងាចថ្ងៃទី០១ មិនា ឆ្នាំ២០១៩ ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ.ឆបោក លើទឹកប្រាក់៥លានដុល្លារអាមេរិក។
ជនជាប់ចោទម្នាក់ឈ្មោះ CHEN DAOMIN ភេទប្រុសអាយុ៥៧ឆ្នាំ(ប្តី) និងម្នាក់ឈ្មោះ LIN XUEFANG អាយុ៥០ឆ្នាំ(ប្រពន្ធ)។
ប្រភពព័ត៌មានឲ្យដឹថា ជនជាប់ចោទមានមុខរបរជានាយកធនាគារមួយនៅស្រុកចិន ហើយត្រូវបានអតិថិជនប្តឹង ពាក់ព័ន្ធលើទឹកប្រាក់ជិត៥លានដុល្លារអាមេរិក ដែលប្តីប្រពន្ធ២នាក់នោះបានឆបោកយកមក ហើយបានគេចខ្លួនមករស់នៅស្រុកខ្មែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីថ្ងៃទី២៨ កុម្ភៈ នៅរាជធានីភ្នំពេញ។
បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ ឆបោក។ សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យរងនូវបណ្តឹងឆបោក លើទឹកប្រាក់ជិត៥លានដុល្លារអាមេរិក លុយនោះថា បានយកទៅដាក់ហ៊ុនទិញខុនដូរមួយកន្លែងនៅក្រុងភ្នំពេញ ដែលមានតម្លៃដល់ទៅ៣០លានដុល្លារអាមេរិកឯណោះ។
ជនសង្ស័យ២នាក់ប្តីប្រពន្ធ បានបដិសេធទាំងនៅសមត្ថកិច្ច ក៏ដូចនៅដំណាក់កាលតំណាងអយ្យការដែរថា ខ្លួនមិនបានជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ ហើយពួកគេ២នាក់ប្តីប្រពន្ធបាន និងទទូចសុំឲ្យមានការដោះលែងឲ្យមានសេរីភាពវិញ។ ទោះជាយ៉ាងណាក្តីសំណុំរឿងនេះ បានចាត់បញ្ជូនទៅដល់ដៃលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ ហើយលោកចៅក្រម បាននិងកំពុងធ្វើការសាកសួរ ដែលទំនងជាគេចមិនរួចពីការឃុំខ្លួនឡើយ ព្រោះពួកគេទាំង២នាក់បដិសេធមិនព្រមសងលុយគេវិញទេ៕
Source: Kampuchea Thmey Daily
0 Comments