ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាសមាជិកកអចិន្ត្រៃយ៍ ស អ ក តំណាងឲ្យ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ សអក ខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់អតីតយុទ្ធជនមួយគ្រួសារ ដែលកំពុងមានជំងឺប្រចាំកាយ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមលោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន តំណាងឲ្យឯកឧត្ដម ឧត្ដមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត មានប្រសាសន៍លើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ស.អ.ក និងក្រោមការចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខា ស.អ.ក តែងតែគិតគូរ និងយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលកំពុងជួបការលំបាក មិនថានៅទីណា ឬកន្លែងណានោះឡើយ គឺមិនទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ។
លោកបានបន្តទៀតថា តាមរយៈរូបលោកផ្ទាល់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តែងតែនឹករលឹកគិតគូរដល់បងប្អូនមិនដែលភ្លេចនោះទេ ដោយហេតុនេះ ទើបឯកឧត្ដមប្រធាន ស.អ.ក ខេត្ត ឲ្យលោកដឹកនាំក្រុមការងារ ស.អ.ក ចុះមកជួនបងប្អូនផ្ទាល់ ដើម្បីស្វែងយល់ពីជីវភាព ព្រមទាំងរកវិធីជួយដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជនយើងផងដែរ។
គ្រួសារអតីតយុទ្ធជន ដែលទទួលបានអំណោយនាពេលនេះ បានសំដែងការអរគុណ ដល់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល សម្ដេច តែងតែគិតគូរ និងយកចិត្តទុកដាក់គ្រប់ពេលវេលា ដល់ក្រុមគ្រួសាររបស់គាត់ និងក្រុមគ្រួសារអតីតយុទ្ធជនផ្សេងៗទៀត ក្នុងពេលកំពុងជួបការលំបាកខ្វះខាត សម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជំងឺប្រចាំកាយ ទទួលអំណោយ និងគ្រឿងឧបភោគបរិភោគ ឈ្មោះ សា ឆែ អាយុ៨០ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយទទួលបាន អង្ករ៥០គីឡូក្រាម, មី ២កេះ ,ទឹកក្រូច ១យួរ ,ទឹកសុទ្ធ ១០យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៣០ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments