ចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ បានត្រឹមវាយស្មើជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះ ផេត ផូស្រ៊ី (Petchphosri Site Chharngnunuthumporn) ខណៈដែល មាជ សុខរ៉ា អ្នកប្រដាល់ក្លិបថ្មគោលពោធិ៍សែនជ័យ វាយចាញ់អ្នកប្រដាល់ថៃ ឈ្មោះ ឈោគ ឆ័យ ផាកទុងចៃ( Chhor kchai Phak thungchai) ក្នុងទឹកទី១ កាលពីយប់ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ នៅលើសង្វៀនគូបូតាស្ទឹងមានជ័យ។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយចាន់ ប៊ុនហឿន ដែលមានប្រវត្តិប្រកួតចំនួន៩៨លើកនោះ ប្រកួតលើកនេះពិបាកក្នុងការយកឈ្នះលើផេត ផូស្រ៊ី ដែលមានប្រវត្តិចំនួន៧៣លើក ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេរឹងមាំ និងវាយល្អខ្លាំងដែរ។ មុនជួបផេត ផូស្រ៊ីនេះ ចាន់ ប៊ុនហឿន គេផ្ដួលយកឈ្នះអ្នកប្រដាល់ថៃឈ្មោះកាន តាប(Karn Tarb) ឲ្យសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។
ចាន់ ប៊ុនហឿន គេបានប្រើគ្រប់ស្នៀត ទាំងកណ្តាប់ដៃ កែងនិងជង្គង់ ប៉ុន្តែនៅតែមិនអាចផ្តួលផេត ផូស្រ៊ី ។ តាំងពីទឹកទី១ ដល់ទឹកទី៥ ប៊ុនហឿន វាយទៅលើថៃ ឡើងអស់ដៃខ្លួនឯង ត្បិតផេត ផូស្រ៊ី គេអាចទប់ទល់ និងការពារដោយសុវត្ថិភាព។ ទីបំផុត ប៊ុនហឿន បានត្រឹមស្មើពិន្ទុជាមួយ ផេត ផូស្រ៊ី ក្រោយបញ្ចប់ការប្រកួត៥ទឹកពេញនោះ។
ចំពោះ មាជ សុខរ៉ា អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យវិញ ប្រកួតទើបបានមិនដល់មួយនាទីផងក្នុងទឹកទី១ ក៏ស្រាប់តែអ្នកប្រដាល់ថៃឈ្មោះ ឈោគ ឆ័យ ផាកទុងចៃ សន្លប់ស្តូកលើរេញទៅហើយ ។
តែអ្នកប្រដាល់ថៃឈ្មោះ ឈោគ ឆ័យ ផាកទុងចៃ ដែលសន្លប់នោះ គេជាអ្នកឈ្នះលើមាជ សុខរ៉ា ទៅវិញ។ តាមពិត គេអោយមាជ សុខរ៉ាចាញ់ ឈោគ ឆ័យនេះ ក៏ដោយសារតែសុខរ៉ា ប្រកួតបំពានលើលក្ខន្តិកៈប្រកួត ដោយពេលដែល ឈោគ ឆ័យ ដួលលើរេញនោះ សុខរ៉ាគេឆ្លៀតយកជង្គង់ទៅចុចពីលើចុងដង្ហើម ឈោគ ឆ័យ ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះសន្លប់តែម្តង។
គេនៅចាំបានថា ឈោគ ឆ័យ គេធ្លាប់វាយឈ្នះឃីម ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាយើងដោយពិន្ទុម្តងកន្លងមក, ឈ្នះ ឡៅ ចន្ទ្រា ដោយពិន្ទុ, វាយស្មើជាមួយ ឡុង សុភី , ឈ្នះធី តុងហ៊ី ក្លិបសាលវ័ន្តកីឡា ,ឈ្នះ ផង់ សុភាព ដោយពិន្ទុនិងធ្លាប់ឈ្នះផល សោភ័ណ្ឌ ពីរលើកថែមទៀត តែក្រោយមកគេបានវាយចាញ់អ្នកប្រដាល់ខ្មែរយើងវិញ ហើយចុងក្រោយនេះ ឈោគ ឆ័យ បានចាញ់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡា។
ដោយឡែក ការប្រកួតរវាងខ្មែរ និងខ្មែរវិញ សឿន ឆ្នើម អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានត្រូវអ្នកប្រដាល់ជើងចាស់ឈាន ហុង អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ វាយអោយបោះបង់ការប្រកួតក្នុងទឹកទី២ ។ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦៩គីឡូក្រាម។
សឿន ឆ្នើម ត្រូវអាជ្ញាកណ្ដាលរាប់៨ តាំងពីក្នុងទឹកទី១ម្ល៉េះ ដោយសារត្រូវកណ្ដាប់ដៃរបស់ ឈាន ហុង។ តែចូលដល់ទឹកទី២ ឈាន ហុង ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តងវិញ ដោយត្រូវកណ្ដាប់ដៃរបស់សឿន ឆ្នើម។
បន្ទាប់ពីអាជ្ញាកណ្ដាលហើយនោះ ឈាន ហុង បានសម្រុកដាល់ទៅលើសឿន ឆ្នើម រហូតទាល់តែសឿន ឆ្នើមដួលលើរេញពីរដង ហើយបន្ទាប់មកក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតតែម្តង ដោយសារអសមត្ថភាព។
ចំណែក ធន វិស្នុ ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម បានវាយឈ្នះ ចៅ ម៉ាក់ថឺង ក្លិបកំរៀងសែនជ័យ ដោយពិន្ទុ ហើយ លី សំអន ក្លិបមីស្ទីលីគុនខ្មែរ ប្រកួតចាញ់ឡុង សំណាង ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments