Ad Code

ធុងសំរាម​ចំនួន​២០​ធុង ត្រូវ​បាន​រដ្ឋបាល​ក្រុង​សៀមរាប ប្រគល់​ជូន​គណៈ​គ្រប់គ្រង​វិទ្យាល័យ​សម្ដេចឪ ក្រុង​សៀមរាប​



សៀមរាប​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ​ខែ​មីនា ​ឆ្នាំ​២០១៩ នេះ លោក​ នួន ពុទ្ធា​រ៉ា អភិបាល​ នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប បានធ្វើ​ការប្រគល់​ធុងសំរាម​ចំនួន​២០​ធុង ជូន​ដល់ គណៈ​គ្រប់គ្រង វិទ្យាល័យ​សម្ដេចឪ ក្រុង​សៀមរាប ដើម្បី​ឲ្យ​សិស្សានុសិស្ស ប្រើប្រាស់​ក្នុងការ​ទុកដាក់​សំរាម នៅក្នុង​បរិវេណ​វិទ្យាល័យ ឲ្យ​បាន​ត្រឹមត្រូវ និង​ដើម្បី​រួមចំណែក​លើក​កម្ពស់ ការ​យល់ដឹង​អំពី​បញ្ហា​សំរាម ដល់​សិស្សានុសិស្ស​ផងដែរ។

ធុងសំរាម​ទាំង​២០​ធុង​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​រ​វើ​រី​ជី​ស តាមរយៈ​ លោក ទៀ សីហា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ប្រើប្រាស់ លើ​ការងារ​រក្សា​បរិស្ថាន នៅតាម​គោលដៅ សហគមន៍ រមណីយដ្ឋាន​ទេសចរណ៍ សាលារៀន និង សាលាឃុំ​/​សង្កាត់ ជាដើម។

សូម​រំលឹក​ថា ជារឿយៗ ក្រុមហ៊ុន ខ្មែរ ប៊ែ​រ​វី​រី​ជី​ស តែងតែ​សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​រដ្ឋបាល​ខេត្តសៀមរាប លើ​ការងារ ថែរក្សា​បរិស្ថាន ការងារ​មនុស្សធម៌ ការងារ​អប់រំ និង​ការងារ​កីឡា ដូចជា​ក្នុង​ព្រឹត្តិការណ៍ "​សៀមរាប​ផ្ទះ​ខ្ញុំ​" ដែល​បានរៀបចំ​ថ្មីៗ​កន្លង​មក​នេះ ​នៅ​ក្នុង​ខេត្ត​សៀមរាប ផងដែរ​។​

គួរកត់សម្គាល់​ផងដែរ​ថា បច្ចុប្បន្ន​នៅតាម​ទី​សាធារណៈ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​ នៅ​មិនទាន់​មាន​ធុងសំរាម​នៅឡើយ ហើយ​ករណី​នេះ​ គេ​សង្ឃឹមថា ​អាជ្ញាធរ​ នឹង​ប្រឹងប្រែង​រក​ទីកន្លែង​សម្រាប់​ទុក​សំរាម​ឲ្យ​មាន​របៀបរៀបរយ​បន្ថែម​ទៀត៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu