Ad Code

សន្តិសុខ​ឯកជន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ម្នាក់ ​សម្រេចចិត្ត​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​នៅ​ជាប់​អគារ​បេះដូង



ភ្នំពេញ​ ៖​ សន្តិសុខ​ឯកជន​ដែល​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ចង.ក​សម្លាប់ខ្លួន ​នៅក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ ដែល​ចត​នៅជាប់​របង​ខាងក្រៅ​ក្បែរ​អគារ​បេះដូង​ស្ថិត​ខាងត្បូង​ស្ថានទូត​បារាំង​ បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។



សមត្ថកិច្ច​បាន​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​ស្លាប់​ជាប់​ចំណង​ត្រង់​កលាន​អណ្តាត​នៅក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ឈ្មោះ​ឃឹម សុខា ហៅ ហ៊ុល​ ភេទ​ប្រុស​ អាយុ​ប្រហែល​៤០ឆ្នាំ មាន​មុខរបរ​ជាស​ន្តិ​សុខ​ឯកជន ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​រហ័ស​នាម​(Z ៦៤)​ស្នាក់នៅ​ផ្ទះ​ជួល​ក្បែរ​ខាងក្រោយ​អគារ​ប៉ាស្ទ័រ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ជនរងគ្រោះ​ដែល​ជា​សន្តិសុខ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រូប​នោះ​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយមាន​កំហុស​ផ្ទាល់ខ្លួន​ពី​បញ្ហា​អ្វីមួយ​ដែល​ជនរងគ្រោះ​ប្រព្រឹត្តិ​ខុស​តិចតួច​ដោយ​ខ្លួនឯង ​ហើយ​ត្រូវ​ខាង​ថ្នាក់លើ​បានសម្រេច​បញ្ឈប់​ពី​ការងារ​នៅ​ខាងក្នុង​មន្ទីរពេទ្យ​ដោយ​ឲ្យ​មក​យាម​មើល​ការខុសត្រូវ​ខាង​ក្រៅរបង​មន្ទីរពេទ្យ​វិញ​។

​ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ​ទន្ទឹម​នឹង​ថ្នាក់លើ​សម្រេច​ផ្អាក​ការងារ​របស់​សន្តិសុខ​រូបនោះ​គាត់​ក៏បាន​ត្អូញត្អែរ​ថា​ ចាប់ពី​ថ្ងៃនេះ​ទៅ​គាត់​នឹង​បាត់បង់​នូវ​អ្វីៗ​ទាំងអស់​ជាពិសេស​ចំណូល​ដែល​រកបាន​ប​ន្តិច​បន្តួច​ប្រចាំថ្ងៃ​ ដែល​ដោះបំណុល​គេ​នោះ​ គឺ​ត្រូវ​ចប់​តែម្តង​។​ ចឹ​ង​ជនរងគ្រោះ​ក៏​ត្អូញ​ទៀត​ថា ​គាត់​ទៅ​មុខ​ទៀត​មានតែ​ស្លាប់​ទេ​ព្រោះ​អ្វីៗ​ត្រូវ​បាន​ចប់​អស់ហើយ​នោះ​។

​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​ត្រូវ​ផ្អាក​ការងារ​របស់​សន្តិសុខ​រូប​នោះ​ ហើយ​គាត់​(​ជនរងគ្រោះ​)​បាន​ជួល​ម៉ូតូ​កង់​បី​ឥណ្ឌា​គេ​រត់​ដោយ​ឆ្លៀត​ពី​ពេលទំនេរ​ដែល​យាម​នៅ​ខាង​ក្រៅរបង​មន្ទីរពេទ្យ​ដែល​ក្នុង​១​យប់​បាន​តម្លៃ​១ម៉ឺន​រៀល​ប៉ុណ្ណោះ​។​ ចំណែក​ម៉ូតូ​កង់​បី​ដែល​ជនរងគ្រោះ​ជួល​គេ​យក​ប្លង់​ផ្ទះ​ទៅ​ដាក់​នោះ​គឺ​ក្នុង​១​យប់​ពីរ​ម៉ឺន​រៀល​។



ប្រ​ភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​នៅ​យប់​ថ្ងៃទី​២៧ ​ខែកុម្ភៈ​ ជនរងគ្រោះ​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ជា​សន្តិសុខ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដដែល​ ស្រាប់តែ​នៅ​ព្រលឹម​ស្រាងៗ​ខណៈ​ដែល​សន្តិសុខ​ផ្សេងទៀត​ក្រោក​ពី​ដេក​ដើម្បី​រៀបចំ​បោសសំអាត​សំរាម​ឃើញ​ម៉ូតូ​កង់​បី​នោះ​មិន​ចេញ​ទៅណា​ ហើយ​ម្យ៉ាងវិញទៀត​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​មាន​បិទ​វាំងនន​ជិត​ទាំងសងខាង​ផង​ក៏​ដើរទៅ​មើល​ស្រាប់តែ​ភ្ញាក់​ព្រើត​ពេល​ដែល​ឃើញ​ជនរងគ្រោះ​ដែល​ជា​សន្តិសុខ ជា​មេ​ផង​បាន​ស្លាប់​បាត់​ដោយមាន​ខ្សែចំណង​ចងភ្ជាប់​ក​ជាមួយនឹង​ដំបូល​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ ដៃ​ទាំងពីរ​គង​លើ​ពូក​កង់​បី​ហាក់បីដូចជា​មិន​ទំនង​គួរ​ឲ្យ​ស្លាប់​ទាល់តែសោះ។

ប្រ​ភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​មាន​ហេតុការណ៍​ដូច្នេះ​គេ​ឃើញ​ប្រពន្ធ​និង​កូនៗ​របស់​ជនរងគ្រោះ​មាន​មកដល់​នាំគ្នា​ស្រែក​ទ្រហោយំ​សោក​បោក​ខ្លួន​មិន​គួរ​លោកឪពុក​នឹង​ប្តី​ជា​ស្រឡាញ់​របស់​ខ្លួន​មិន​គួរណា​គិត​ខ្លី​បែប​នេះឡើយ​ ហើយ​ប្រពន្ធ​របស់​ជនរងគ្រោះ​យំៗ​ទាល់តែ​សន្លប់​ហើយក៏​ត្រូវ​បាន​គេ​នាំ​គ្រៀក​បញ្ជូន​ទៅ​ពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ​។

​ក្រោយពី​មាន​ហេតុការណ៍​ដូច្នេះហើយ​ កម្លាំង​មូលដ្ឋាន​បាន​ចុះ​មក​គ្រប់គ្រង​កន្លែងកើតហេតុ​ហើយ​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​កោសល្យ​វិច័យ​ចុះមក​ពិនិត្យ​នឹង​បញ្ជូនទៅ​តម្កល់​នៅ​សាល​នៃ​មន្ទីរពេទ្យ​លាង​ឈាម​ជា​ស៊ី​ ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារ​សម្រេច​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ពាក់ព័ន្ធ​នឹង​សម្លាប់​ខ្លួន​របស់​សន្តិសុខ​រូបនោះ​ នៅ​រសៀល​ថ្ងៃ​ដដែល​ លោក​ម៉ៅ រាសី​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា ​សន្តិសុខ​ដែល​បានសម្លាប់​ខ្លួន​នោះ​មិនមែន​ជា​បុគ្គលិក ​ឬ ​សន្តិសុខ​របស់​មន្ទីរពេទ្យ​ផ្តាច់​មុខ​នោះ​ទេ​ គឺ​សន្តិសុខ​រូប​នោះ​គឺ​គ្រប់គ្រង​ដោយ​លោក​ថន ពិសិដ្ឋ ជា​កូន​របស់លោក​ចេង វុត្ថា ​ដែល​គាត់​មាន​កុងត្រា​ជាមួយ​មន្ទីរ​ពេទ្យ​ក្នុង​ការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​គ្រប់​ចំណត​យានយន្ត​នៅក្នុង​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​ លោក​ថន ពិសិដ្ឋ ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​តែប៉ុណ្ណោះ​។ ចំពោះ​សន្តិសុខ​របស់​គាត់​(​លោក ថន ពិសិដ្ឋ )​គាត់​មាន​កូនចៅ​គាត់​ប៉ុន្មាន​នាក់​គឺជា​ការគ្រប់គ្រង​ដោយ​ខ្លួន​គាត់​ចឹ​ង​ពាក្យ​ដែល​ថា ​ជា​សន្តិសុខ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​គឺ​លោក​ម៉ៅ រាសី ជា​ប្រធាន​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​សូម​បដិសេធ​ និង​សូម​សាធារណជន​កុំ​ច្រឡំ​តទៅទៀត​។

លោក ម៉ៅ រាសី បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​បញ្ហា​ដែល​ចោទ​ថា ​ខាង​មន្ទីរពេទ្យ​ជា​អ្នក​បញ្ឈប់​ការងារ​របស់​សន្តិសុខ​រូប​នោះ​ គឺ​ខាង​ថ្នាក់​លើ​របស់​មន្ទីរពេទ្យ​ពុំបាន​ដឹង​ឡើយ​។

ជាមួយនឹង​បញ្ហា​នោះ​ដែរ ​លោក ថន ពិសិដ្ឋ ដែល​ជា​ប្រធាន​សន្តិសុខ នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ថា ​លោក ឃីម សុខា (​ជនរងគ្រោះ​)​ពិតជា​កូនចៅ​របស់​គាត់​ពិតមែន​ គឺ​មិនមែន​ជា​សន្តិសុខ​ផ្ទាល់​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​នោះទេ​។

លោក​ថន ពិសិដ្ឋ បន្តទៀត​ថា ​ពាក្យចចាមអារ៉ាម​ថា​ គាត់​ត្រូវ​បាន​ខាង​មន្ទីរពេទ្យ​បញ្ឈប់​ពី​ការងារ​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃនេះ​ គឺ​មិន​ពិត​នោះ​ទេ​គឺ​គាត់​(​ជនរងគ្រោះ​)​មិន​ត្រឹមតែ​ជា​សន្តិសុខ​ធម្មតា​ដូច​អ្នកដទៃ​នោះ​ទេ គឺ​គាត់​មាន​តួនាទី​ជា​ជំនួយការ​ការ​របស់ខ្ញុំ​(​ថន ពិសិដ្ឋ​)​គឺមាន​តួនាទី​ជា​មេ​បន្ទាប់​របស់​សន្តិ​សុខដ​ទៃទៀត​ផង​ដែរ​។ ​តែ​អ្វី​ដែល​ជា​ពាក្យចចាមអារ៉ាម​ថា ​បាន​បញ្ឈប់​ពី​ការងារ​នោះ​គឺ​គាត់​(​ថន ពិសិដ្ឋ )​សូម​ជម្រាប​ថា គាត់​ជនរងគ្រោះ​មិន​ត្រឹម​ជា​ជំនួយការ​របស់គាត់​ប៉ុណ្ណោះ​ទេ​គឺ​គាត់​ជា​បងប្អូន​របស់ខ្ញុំ​ទៀតផង។



លោក​ថន ពិសិដ្ឋ ប្រធាន​សន្តិសុខ​ឯកជន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្ត​ទៀត​ថា ​ជាក់ស្តែង​នៅ​យប់មិញ​នេះ​គាត់​(​ថន ពិសិដ្ឋ​)​ប្រាប់​ទៅ​ជនរងគ្រោះ​ត្រូវ​ពង្រឹង​ការងារ​ទាំង​ខាងក្នុង​នឹង​ខាងក្រៅ​ធ្វើ​យ៉ាង​គ្រប់គ្រង​ឲ្យ​ល្អ​លើ​សន្តិសុខ​ផ្សេងទៀត​ជៀសវាង​ធ្វើ​ឲ្យ​បាត់​សណ្តាប់​នឹង​របៀបរៀបរយ​នៅក្នុង​មន្ទីរពេទ្យ​នឹង​នៅ​ខាងក្រៅ​របង​របស់​មន្ទីរពេទ្យ​។ ​ព្រោះ​អី​យប់មិញ​នៅ​ថ្ងៃទី​២៧ ជា​ថ្ងៃ​ដែល​គាត់​(​ជនរងគ្រោះ​)​ប្រចាំការ​នៅ​ខាង​ក្រៅរបង​មន្ទីរពេទ្យ​ក៏​ស្រាប់តែ​ព្រលឹម​ឡើង​គាត់​បាន​ទទួល​ព័ត៌មាន​ថា​ ជនរងគ្រោះ​គាត់​ចង.ក​សម្លាប់​ខ្លួន​ដូច្នេះ​តែម្តង ​ធ្វើ​ឲ្យ​គាត់​នឹកស្មាន​មិន​ដល់​ឡើយ​។

លោក ថន ពិសិដ្ឋ បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​គាត់​សន្តិសុខ​ឯកជន​របស់គាត់​ដែល​បម្រើ​ការងារ​នៅ​ខាងក្នុង​និង​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​គឺ​មាន​ចំនួន​ជាង​៤០​នាក់​ឯណោះ​ដែល​គ្រប់គ្រង​ប្រាក់ខែ​ដោយ​ខ្លួន​គាត់​ផ្ទាល់​មិនមែន​ជា​សន្តិសុខ​របស់​មន្ទីរពេទ្យ​នោះ​ទេ​។

លោក​បញ្ជាក់​ទៀត​ថា ​លោក​កំពុងតែ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាមួយ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​នៅ​វត្ត​ទួល​សង្កែ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu