Ad Code

រដ្ឋមន្ត្រីក្រសួង​ការងារ​អះអាង​ថា ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥​មាន​សារសំខាន់​ណាស់​ក្នុងការ​ប្រកួតប្រជែង​ក្នុង​តំបន់​និង​ពិភពលោក



ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ កាន់តែ​មាន​ភាព​សំខាន់ ជាពិសេស​ការត្រៀម​ចាប់​យក​នូវ​ការវិវត្តន៍​ថ្មីៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​របស់​កម្ពុ​ជា និង​ពិភពលោក​ក្នុងការ​បង្កើន​នូវ​ល្បឿន​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​បន្ថែមទៀត​។

លោក​បណ្ឌិត​អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​លើក​ឡើង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៧ នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៩​នៅ​សណ្ឋាគារ Great Duke​។



កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំ ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥​នេះ​ ក៏​មាន​ការចូលរួម​ពី​សមាជិក​គណៈកម្មការ​អន្តរក្រសួង​សមាជិក​អនុ​គណៈកម្មការ​អន្តរក្រសួង​និង​តំណាង​គណៈកម្មការ​រាជធានី ខេត្ត នានា ។

សេចក្ដីព្រាង​របាយការណ៍​វឌ្ឍនភាព​សម្រាប់​ឆ្នាំ​២០១៧ នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ នេះ​ត្រូវ​បាន​គណៈ​កម្ម​ការពិនិត្យ កែសម្រួល និង​អនុម័ត ហើយ​នឹង​ធ្វើ​ការ​បោះ​ពុម្ព​ផ្សព្វផ្សាយ​។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ នេះ កាន់តែ​មាន​ភាព​សំខាន់ ជាពិសេស​ការ​ត្រៀម​ចាប់​យក​នូវ​ការវិវត្តន៍​ថ្មីៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​របស់​កម្ពុ​ជា និង​ពិភពលោក​ក្នុងការ​បង្កើន​នូវ​ល្បឿន​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​បន្ថែមទៀត​»​។

គួរ​បញ្ជាក់​ថា ​គោលនយោបាយ ជាតិ ស្ដីពី​មុខរបរ​និង​ការងារ​ឆ្នាំ​២០១៥ ២០២៥​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​វិមាន សន្តិភាព​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​របស់​លោក Maurizio Bussi នាយក​ការិយាល័យ​អង្គការ អន្តរជាតិ​ខាង​ការងារ​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា និង​មន្ត្រី មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu