Ad Code

ចាប់ខ្លួន​ឧកញ៉ា​គិត ធាង ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្លឹប​រ៉ុ​ក​



​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​អ្នកកាសែត​នា​ល្ងាច​ថ្ងៃទី ១១​មីនា ឆ្នាំ​២០១៩​នេះ​ថា លោក​ឧកញ៉ា គិត ធៀង ម្ចាស់​ក្លិប​កម្សាន្ត​រ៉ុ​ក ត្រូវ​បាន​ចាប់ខ្លួន​ហើយ​តាម​ដីកា​របស់​តុលាការ​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន។

ការ​ចាប់ខ្លួន​ឧកញ៉ា​គិត ធៀង​នេះ​ ត្រូវ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​រក​ឲ្យ​ឃើញ​អ្នក​នៅ​ពីក្រោយ​អំពើ​ល្មើស​គ្រឿងញៀន​នៅ​ក្លឹប​រ៉ុ​ក។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ សេដ្ឋកិច្ច​RULES ជាង​៣ពាន់​នាក់​ ដែល​បាន​បញ្ចប់​ការសិក្សា ដោយ​ជោគជ័យ​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែមីនា​ ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​ហ៊ុន សែន ​រំលឹក​អំពី​ករណី​ក្លឹប​កម្សាន្ត​រ៉ុ​ក​លក់​គ្រឿងញៀន​ថា​ ត្រូវតែ​រក​ឲ្យ​ឃើញ​ដល់​ឫសគល់​និង​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ល្មើស​គួរ​ឲ្យ​ស្អប់ខ្ពើម​នោះ។

សម្តេច​អគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ​ឥឡូវនេះ​ស្ថានភាព​បាន​ផ្លាស់​ប្តូរ​ច្រើន​ហើយ វា​ស្ទើរតែ​ទាំងស្រុង​អម្បាញ់មិញ​ខ្ញុំ​ព្រះករុណាខ្ញុំ បានធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នេះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ធ្វើដំណើរ​ឆ្លងកាត់​សាលា​មួយ​នេះ​ដែល​នៅ​មិន​ឃ្លាតឆ្ងាយ​ពីសា​លា​បឹងត្របែក គឺ​សាកលវិទ្យាល័យ​ប៉ុន្តែ​ឆ្លងកាត់​អា​កន្លែង​ចង្រៃ​មួយ​នោះ​ ដែល​ទើប​រក​ឃើញ​ថ្មីៗ ក្លឹប​រ៉ក ដ៏​មានការ ភ្ញាក់ផ្អើល​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា ​ហេតុអ្វី​បានជា​កន្លែង​មួយ​នេះ​ទៅជា​តំបន់​បំផ្លាញ​នូវ​សេចក្តី​សុខ​របស់​ប្រជាជន ? សម្តេច​ពិតជា​មានការ​រីករាយ​ណាស់​ដែល នគរបាល​របស់​យើង​បាន​បង្ក្រាប​ទាន់​ពេល​វេលា​គួរតែ​បង្ក្រាប ឲ្យ​បាន​មុននឹង​ទៅទៀត​ប៉ុន្តែ​យើង​ទើបនឹង​បង្ក្រាប​បាន ជិត​ក្បែរ​សាលា​ស្រាប់​តែ​មាន​កន្លែង​គ្រឿងញៀន​មិនតូច​នៅ កន្លែង​នេះ​ទៅវិញ។ ដូច្នេះ​សម្តេច​សង្ឃឹមថា​ ក្រសួងមហាផ្ទៃ​នឹង​បន្ត​ចាត់វិធានការ​លើ​បញ្ហា​នេះ​បូក​ជាមួយនឹង​ដំណើរការ​ក្តី​របស់ តុលាការ​ត្រូវតែ​ម៉ឺងម៉ាត់​ជាមួយនឹង​ការ​មិន​វិល​ត្រឡប់​ នៃ​អំពើ​ពាលាអាវ៉ាសែ​សម្រាប់​កន្លែង​មួយ​នេះ​( មជ្ឈមណ្ឌល រ៉ក ) ដែល​ត្រូវដាក់​ទោសទណ្ឌ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ត្រូវ​ស្វែងរក ឲ្យដល់​ទីជម្រៅ​នូវ​មេ​ក្លោង​របស់​វា​នេះ។ អញ្ចឹង​ត្រូវ​រក​ឲ្យ​ឃើញ ​ព្រោះអ្វី​ដែល​មាន​ក្នុង​ដៃ​រួច​មក​ហើយ​ជា​មធ្យោបាយ​ឈានទៅរក​ការ​ជីក​ឫសគល់​នៃ អ្នក​ជួញ​គ្រឿងញៀន​ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​មួយ​នេះ។

សូម​រំលឹក​ថា ​កាលពី​ថ្ងៃ ទី ២៣​ខែកុម្ភៈ ឆ្នាំ ២០១ វេលា​ម៉ោង ០១ និង​៣០ នាទី​រំលង អធ្រាត្រ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯកអគ្គ​ស្នងការ​រង និង ​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​ស ថេត និង​ដោយមាន​ការដឹកនាំ សម្របសម្រួល​ពី​លោ​កលី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​នៃ អយ្យការ អម​សាលាដំបូង​រាជធានី ភ្នំពេញ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ​និង ​កម្លាំង​អន្តរាគមន៍ ពិសេស​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ក្នុង បទល្មើស​ជាក់​សែ្តង​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ផ្លូវ​ព្រះមុន្នីវង្ស ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សម្រួល​ និង​ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ​ កម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ ទីតាំង​ខាងលើ ចំនួន ១៥ បន្ទប់ រក ឃើញ ឃាត់ខ្លួន​មនុស្ស ចំនួន ៣១១​នាក់​( ប្រុស​២៥៦​នាក់​ស្រី​៥៥​នាក់ ) និង​ចាប់​យក​បាន​វត្ថុ តាង​ពាក់​ព័ន្ធ​បទល្មើស​មួយចំនួន បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ដើម្បីសាកសួរ។

វត្ថុ​តាង​សារធាតុ​ញៀន​ចាប់​យក​សរុប​រួម ថ្នាំ​គ្រាប់​អិ​ច​ស្តា​ស៊ី គ្រវី ១២ គីឡូក្រាម ២១៩.២៦ ក្រាម កេ​តា​មីន (Ketamine) ៨ គីឡូក្រាម ៩៣៥.០៦ ក្រាម , ថ្នាំបន្សាប (Nimetazepam)៣០៥.១០​ក្រាម , មេ​តំ​ហ្វេ​តា​មីន (ICE)១.៦ ក្រាម , ហេ​រ៉ូ អ៊ី​ន (Heroine) ០.៦១​ក្រាម , សរុប​សារធាតុ ញៀន​ទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម , កញ្ឆា ក្រៀម ទម្ងន់ ៦៦,៤៣ ក្រាម , ធ្វើ តេ ស្តិ៍ បឋម​មិន​ច្បាស់លាស់​ទម្ងន់ ១៥,១៤​គីឡូក្រាម ( សង្ស័យ ធាតុគីមី ) សំបក​វេច​ខ្ចប់ ( សំបក កែវ ចំនួន ២៤៧ , សំបក​កេស​និង​ថង់​ផ្លា​ស្ទីក​មួយ ចំនួន ) ទម្ងន់ ប្រហែល ១២​គីឡូក្រាម​សរុប រួម​ទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម។

ប្រភព​ដែល​ជិតស្និទ្ធ​លោក​ឧកញ៉ា​គិត ធាង បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​លោក​ឧកញ៉ា​មិន​នៅក្នុង​ប្រទេស​កម្ពុជា ឡើយ​ចាប់តាំងពី​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក ដែល​ជា​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​និង​ជា​កន្លែង​បំផ្លាញ សង្គមជាតិ​ធ្វើ​ឲ្យ​ប្រទេសជាតិ​បាក់មុខ​មាត់​នោះ ។

ប៉ុន្តែ​មនុស្ស​ទាំង​៣១១​នាក់​ គឺ​មាន​តែ​១៧​នាក់​ប៉ុណ្ណោះ​ ជា​ប្រភេទ​ក្មេង​ញៀន​ថ្នាំ​ត្រូវបាន​បញ្ជូន​មក​តុលាការ ។ ចំណែក​ជនជាតិ​ចិន​ចំនួន​១៣​នាក់​ ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត។ រីឯ​មនុស្ស​ជាង​២០០​នាក់​ផ្សេងទៀត ​ត្រូវ​បាន​ដោះលែង​វិញ​ទាំងអស់ សូម្បី​ឧកញ៉ា​គិត ធាង ជា​ម្ចាស់​អាជីវកម្ម​ដែល​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​មិន​ឲ្យ​មានការ​ជួញដូរ​គ្រឿងញៀន​ក៏​អត់​មាន​ទោសពៃរ៍​ ឬ​ ត្រូវ​ចាប់ខ្លួន​មក​សួរនាំ​អំពី​ការ​ចរាចរ​គ្រឿងញៀន​យ៉ាង​សន្ធឹក​នេះដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu