ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ហើយការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន១,៦៤៦ នៅទូទាំងប្រទេសត្រូវបានបើកព្រមៗគ្នាក្នុងថ្ងៃតែមួយនេះដែរ នេះបើយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩។
ការចុះឈ្មោះបោះឆ្នោតនេះ បានចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ (មានរយៈពេល ១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ)។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន១១,៥៧២ នាក់ ទូទាំងប្រទេស។ ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឲ្យបានតាមកាលបរិច្ឆេទកំណត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ត្រូវចុះហត្ថលេខា និងបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឲ្យបានតាមកាលបរិច្ឆេទកំណត់ ពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
ការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងត្រូវមានទីតាំងនៅសាលាឃុំ សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ សង្កាត់។
អ្នកដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ ណាមួយត្រូវបំពេញលក្ខខណ្ឌដូចជា ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ និងមិនចាំបាច់បង្ហាញខ្លួន ឬអាចទៅបង្ហាញខ្លួននៅចំពោះមុខប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីទទួលព័ត៌មានឲ្យបានគ្រប់គ្រាន់អំពីការិយាល័យបោះឆ្នោត និងអំពីតម្រូវការឯកសារនៅពេលបោះឆ្នោត៕
Source: Kampuchea Thmey Daily
0 Comments