Ad Code

ករណី​បាញ់សម្លាប់​ជនរងគ្រោះ​ ហើយ​ចោទ​ថា​ជា​ចោរលួច​ឡាន ​ខ្មាន់​កាំភ្លើង ប្រឈម​ជាប់គុក​១០​ទៅ​១៥​ឆ្នាំ​



ព្រៃវែង ៖ រឿងរ៉ាវ​ករណី​ឃាតកម្ម​ខ្មាន់កាំភ្លើង ​ដែលជា​កូន​ និង​ក្មួយ​ លោក​ ឧកញ៉ា ជឹម សុខ បាញ់​១០​គ្រាប់​ស្រោច​សម្លាប់​ជនរងគ្រោះ ដោយ​ចោទ​ថា​ជា​ចោរលួច​ឡាន​នោះ លទ្ធផល​ត្រូវ​​បាន​តុលាការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៥​នាក់​ ពីរ​បទល្មើស​ផ្សេងគ្នា។

នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​មីនា ​ឆ្នាំ​២០១៩ លោក​កែ សា​ខន អនុប្រធាន​សាលាដំបូង​ខេត្ត​ព្រៃវែង និង​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់ ដោយ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន។

ជនជាបចោទ​ខាង​លើ គឺ​ទី​១​-ឈ្មោះ ជឹម រត​នៈ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ និង​ ២-ឈ្មោះ ជឹម វិ​ន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ដោយ​អ្នក​ទាំងពីរ ជាប់ចោទ​ពី​បទ​ឃាតកម្ម​ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​២៣​និង​០០​យប់​ ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៩។ ដោយ​យោង​តាម​ មាត្រា១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​១០ ​ទៅ​១៥​ឆ្នាំ។

ដោយឡែក​ជន​ត្រូវ​ចោទ​៣​នាក់​ទៀត​ គឺ​ ទី​១-ឈ្មោះ សេង ឈិន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជា​ម្ចាស់​បណ្ដឹង​ ដែល​ផ្ដល់ព័ត៌មាន​មក​ ឈ្មោះ ផាន់ សុ​ឌី ឲ្យ​ជួយ​ចាប់​ចោរ​លួច​ឡាន។ ​ទី​២-ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​​ និង​ទី៣-ឈ្មោះ ភាព ផានី ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ជា​ពលរដ្ឋ​នៅ​ឃុំ​កំពង់​សឹង អ្នកផ្ដល់​ព័ត៌មាន​មក​ប៉ូលិស​។ អ្នក​ទាំងបី ជាប់ចោទ​ពីបទ ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​២៣​និង​០០​យប់​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៩ តាម​មាត្រា៣១១,៣១២ និង ​មាត្រា​៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ផ្ដន្ទាទោស​ពី​១​ខែ ​ទៅ​១​ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​១​សែន​ ទៅ​២​លាន​រៀល។

សូម​រម្លឹក​ថា​ ករណី​ឃាតកម្ម​បាញ់​១០​គ្រាប់ ស្រោច​យ៉ាង​ព្រៃផ្សៃ កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឃុំ​ខាង​លើ ខណៈ​ជនរងគ្រោះ​កំពុង​បើកបរ​រថយន្ត បណ្ដាល​ឲ្យ​ជនរងគ្រោះ ​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ហើយ​បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅក្នុង​រថយន្ត​ និង​អ្នករួមដំណើរ ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួស​ស្រាល​។​

ដើម​ចម​ដែល​បណ្តាល​ឲ្យ​មាន​ករណី​នេះ​គឺ​ ដំបូង ជនរងគ្រោះ​ ឈ្មោះ យ៉​ន រ៉ា​វុ​ទ្ធ ជា​ម្ចាស់​រថយន្ត បាន​យកប្រាក់​៣,០០០​ដុល្លារ ពី​ឈ្មោះ សេង ឈិន ទៅ​លស់ យក​រថយន្ត​របស់​ខ្លួន ដែល​បាន​បញ្ចាំ រួច​យក​រថយន្ត​នោះ មក​រក​ស៊ី​ជាមួយគ្នា ដោយ​ជួល​ឲ្យ​ជនជាតិ​ចិន បាន​រយៈពេល​៣​ខែ
​ហើយ​ក្នុង​១​ខែ ទទួលបាន​៤៥០​ដុល្លារ​ ចែក​ចែកគ្នា​បាន​២២៥ដុល្លារ​ម្នាក់​។

លុះដល់​ថ្ងៃកើតហេតុ ដោយសារ​រថយន្ត​នោះ​ខូច និង​ដោយមាន​ការខ្វែងគំនិត​គ្នា​នោះ ជនរងគ្រោះ​
​បាន​យក​រថយន្ត​នោះ មក​ជួសជុល ដែលជា​មូលហេតុ បណ្តាល​ឲ្យ​ ឈ្មោះ សេង ឈិន ចោទថា ជា​ករណី​លួច​ឡាន និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​។

ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​PM​បាន​បើកឡាន​ដេញតាម​ពីក្រោយ ជាមួយ​ ឈ្មោះ សេង ឈិន និង​ឈ្មោះ ផាន់ សុ​ឌី ដោយ​ដេញតាម​តាំងពី​គល់ស្ពាន​អ្នក​លឿង​ត្រឡប់​មក​ផ្លូវជាតិ​លេខ​១១ ទិសដៅ​ឆ្ពោះ​ទៅ​ទី​រួម​ខេត្តព្រៃវែង​ លុះ​មកដល់​ផ្លូវបំបែក ទៅ​ផ្សារ​ស្នេហ៍​ស្រុក​បាភ្នំ ជនរងគ្រោះ​បាន​បើក​រថយន្ត​សំដៅ​ទៅ​ទីរួមស្រុក​បាភ្នំ​ ហើយ​នៅពេល​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​សមត្ថកិច្ច​មួយ​ក្រុម​ដឹកនាំ​ដោយ​ លោក ជា ឡា​ឌី​ន នាយ​ប៉ុស្តិ៍​កំពង់សឹង មក​ស្ទាក់​ពីមុខ​ ហើយ​ឈ្មោះ ជឹម រតនៈ និង​ ឈ្មោះ ជឹម វិ​ន បាន​ដក​កាំភ្លើង បាញ់ស្រោច​មកលើ​ជនរងគ្រោះ ចំនួន​១០​គ្រាប់ បណ្ដាល​ឲ្យ​​ស្លាប់​តែម្ដង​។​

ក្រោយមក ​សមត្ថកិច្ច នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ស្នងការ​ខេត្ត​ព្រៃវែង ធ្វើការ​ស្រាវជ្រាវ ចាប់​ជន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​រហូតដល់​៥​នាក់ ខាង​លើ យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕​





 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu