Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង ផ្នែក​ឯកជន លើក​ទី​១៨



ភ្នំពេញ ៖ នៅ​វេលា​ម៉ោង៨និង៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ ពី​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង អ្នកវិនិយោគ ធុរ​ជន​ដែល​កំពុង​វិនិយោគ និង រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។ វេទិកា​នេះ ​នឹងមាន​ការ​ជជែក​ដោយ​បើក​ចំហ​រវាង ​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នករកស៊ី​នៅ​កម្ពុជា​ ទៅលើ​បញ្ហា​ពាក់ព័ន្ធ​ការវិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច​ជាដើម​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​គូសបញ្ជាក់ថា ក្នុង​វេទិកា​នេះ​ សម្តេច​នឹង​ប្រកាស​ដាក់​ចេញ​ការ​ធ្វើ​កំណែទម្រង់​ជាច្រើន ​ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក៏ដូចជា​ធានា​ដល់​ការ​ប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ​ជា​ពិសេស​នៅ​ទីផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប​បើទោះបី​សហគមន៍​អឺរ៉ុប ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ ព្យួរ​ក៏​ដោយ​នោះ​។​

កំណែទម្រង់​ដែល​សម្ដេច​ធ្លាប់​បាន​លើកឡើងថា នឹង​ប្រកាស​នៅក្នុង​វេទិកា​នេះ មាន​ដូចជា ​ការ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ការបញ្ចេញ​កញ្ចប់​ថវិកា​សម្រាប់​អន្តរាគមន៍​លើ​បញ្ហា​នានា រួម​នឹង​ការ​ដាក់​ចេញ​នូវ​យន្តការ​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​សុទ្ធ​សឹង​ជា​ការ​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​របស់​ធុរជន​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu