Ad Code

ការ​កែ​លម្អ​ជួសជុល​រូបសំណាក​តាកែវ​យាយ​កែវ និង​រូបសំណាក​ផ្កាឈូក ចំណាយ​ថវិកា​ជិត​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​



តាកែវ ៖ រូបសំណាក​លោកតា​កែវ លោកយាយ​កែវ និង​រូបសំណាក​ផ្កាឈូក​ថ្មី ដែល​ស្ថិតនៅ​ភូមិ ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ ខាងលិច​ផ្សារ​ធំ តាកែវ ដែល​ទើប​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ក្រោម​ការ​ផ្ដួចផ្ដើម​សាងសង់ និង​ជួសជុល​របស់ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក​ជំទាវ រួមជាមួយ​មន្ត្រីរាជកា​រ​ទូទាំង​ខេត្ត ចំណាយ​ថវិកា​អស់​ជិត​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ថ្លែងប្រាប់ ក្នុងឱកាស​រៀបចំ​ពិធី​អភិសេក​រូបសំណាក​តាកែ​វ​យាយ​កែវ និង​រូបសំណាក​ផ្កាឈូក កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ ថា អាជ្ញាធរ​ខេត្ត មិន​បាន​ធ្វើការ​សាងសង់​រូបសំណាក​តាកែវ យាយ​កែវ​ថ្មី​នោះទេ ពោលគឺ អាជ្ញាធរ​គ្រាន់តែ​ធ្វើការ​ជួស​ជុល កែលំអ​រូបសំណាក​ចាស់ ដែល​មាន​សភាព​ទ្រុឌទ្រោម ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ព្រមទាំង​រៀបចំ សួនច្បារ​កែលំអ​សោភ័ណភាព​ល្អ នៅ​កន្លែង​តម្កល់​រូបសំណាក​តែប៉ុណ្ណោះ។

លោក​អភិបាលខេត្ត​បាន​បន្តថា ចំពោះ​ថវិកា​ចំណាយ​លើ​ការសាងសង់​សួនច្បារ និង​ជួសជុល​រូប​សំណាក តាកែវ​យាយ​កែវ និង​រូបសំណាក​ផ្កាឈូក​ថ្មី​នេះ គឺ​អាជ្ញាធរ មិនបាន​យក ថវិកាជាតិ​យក​មក​ធ្វើ​នោះទេ។ ថវិកា នៃ​គម្រោង​នេះ គឺ​បានមកពី​ការ​រៃអង្គាស ពី​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត និង​សប្បុរសជន​នានា ដោយ​ប្រមូល​ថវិកា បាន​ជាង៣​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង នៃ​ការ​សាងសង់​សួន​ច្បារ និង​ការជួសជុល​រូបសំណាក តាកែវ​យាយ​កែវ​នេះ​។​

​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បន្ថែមថា នៅក្នុង​គម្រោង​ជួសជុល និង​ផ្លាស់​ទីតាំង រូប​សំណាក​តាកែវ​យាយ​កែវ​នេះ គឺមាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តតាកែវ យ៉ាង​ផុលផុស​ផងដែរ តាមរយៈ​ការ​បង្ហោះ​ការគាំទ្រ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ម្យ៉ាងទៀត​ការផ្លាស់ប្តូរ​ទីតាំង​នេះ ក៏​ដើម្បី​ឲ្យ​មាន​ភាព​ទូលាយ ងាយស្រួល ដល់​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ ទៅមក និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​មក​គោរពបូជា រូបសំណាក​នេះ​ផង​ដែរ​។​

សូមបញ្ជាក់​ឲ្យ​ដឹងថា ការកសាង​ជួសជុល​រូបសំណាក​តាកែវ​យាយ​កែវ និង​រូបសំណាក​ផ្កាឈូក​ថ្មី​នេះ ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តតាកែវ ដឹកនាំ​ដោយ លោក ណុប នី ដែលជា​អ្នក​ទទួលខុស​ត្រូវ ក្នុងការ​ស្ថាបនា​សាងសង់ និង​ជួសជុល ត្រូវ​ចំណាយ​ពេល​ស្ថាបនា​មាន​រយៈពេល​ជាង​៣​ខែ និង​ចំណាយ​ថវិកា​ជិត​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu