Ad Code

សម្ពោធ​ បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្សារ​ប្រសូត​ទី​១ ស្ថិតនៅ​ភូមិ​ប្រសូត្រ​ទី​១ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង



ស្វាយរៀង​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកជំទាវ ឈុន ណា​រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​សម្ពោធ​ ផ្សារ​ប្រសូត្រ​ទី​១ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក​អភិបាលរង​ខេត្ត លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​ស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលស្រុក​ស្វាយទាប ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ កងកម្លាំង​ទាំង​បី យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម និង​អាជីវករ ​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​៣០០​នាក់។

លោក​ម៉ែន វិបុល អភិបាលខេត្ត​ បាន​មានប្រសាសន៍​ទៅ​កាន់​ ​ពាណិជ្ជករ​ អាជីវករ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា ការ​ដាក់​ឱ្យ​ដំណើរការ ផ្សារ​ប្រសូត្រ​ទី​១​នៅ​ពេល​នេះ គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​ផ្សារ​នេះ​ នឹង​ផ្ដល់​ជាទី​កន្លែង​សមរម្យ ដល់​ប្រជាពលរដ្ឋ​អាជីវករ​ក្នុង​ការ​លក់ដូរ ប្រកប​របប​ចិញ្ចឹមជីវិត ប្រចាំថ្ងៃ​ ហើយ​ផ្សារ​នេះ​ក៏​ជាទី​កន្លែង​ប្រមូលផ្តុំ ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិផល និង​ការរស់នៅ​បែប​ទាន់សម័យ និង​សប្បាយរីករាយ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​យុវជន កម្មករ កម្ម​ការិនី និង​ប្រជាពលរដ្ឋ​ទូទៅ ចូលមក​ទិញ​​អីវ៉ាន់​នានា​តាម​សេចក្ដី​ត្រូវការ​របស់​ពួកគាត់។

លោក​បន្តថា ទីកន្លែង​នេះ​ពីមុន​មិន​មាន​កន្លែង​លក់ដូរ​សមរម្យ​សម្រាប់​បងប្អូន​អាជីវករ​ទេ ក្រោយពី​ការ​វិនិយោគ​សាងសង់​រួចរាល់ ផ្សារ​នេះ​ មាន​កម្ពស់​២​ជាន់ មាន​ចំនួន​១៥០​តូប បំពាក់​ដោយ​ជណ្តើរ​យន្ត​នៅ​ជាន់​ទី​១​ថែម​ទៀត​ផង ទាំងនេះ​បាន​ចូលរួម​ចំណែក​ផ្ដល់​នូវ សោភណភាព​សម្រាប់​ស្រុក​ស្វាយទាប ក៏ដូចជា​ខេត្ត​ស្វាយរៀង កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច ជាពិសេស​ផ្នែក​ឧស្សាហកម្ម​រោងចក្រ ដែល​ផ្តើម​ចេញពី​ការ​ខិតខំ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដឹកនាំ​ប្រទេស​រួច​ផុត​ពី​សង្គ្រាម ការ​កាប់​សម្លាប់​នៅ​របប​ប្រល័យពូជសាសន៍ ការ​បែកបាក់​សាមគ្គី​ជាតិ ឱ្យ​ក្លាយ​ជា​ប្រទេស​មួយ ដែល​ទទួល​បាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មាន​ឯករាជ្យ​ភាព និង​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស គោលការណ៍​ច្បាប់ និង​ការ​អភិវឌ្ឍ​រហូតដល់​បច្ចុប្បន្ន៕
     

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu