Ad Code

លោក​ ហ៊ុន ម៉ា​នី ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី សមាជិក សមាជិកា ស ស យ ក ខេត្ត​រតនគិរី



រតនគិរី ៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុង​រចនា​សម្ព័ន្ធ ស ស យ ក ខេត្ត​រតនគិរី ដែលមាន​ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ជា​ច្រើន​រូប​ក៏បាន​អញ្ជើញ​ចូលរួម​សរុប​ប្រមាណ​ជាង​៣០០​នាក់ ​នៅ​សាល​មហោស្រព សម្ដេច​តេ​ជា ហ៊ុន សែន ស្ថិត​ក្នុង​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត។

លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​ថា មនុស្ស​ម្នាក់ៗ​ ត្រូវតែ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង ដើម្បី​ឆ្ពោះ​ទៅ​មុខ ពោរពេញ​ដោយ​ការ​អភិវឌ្ឍ​ជា​សសរទ្រូង​ប្រទេសជាតិ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​​ ​​ប្រមូលផ្ដុំ​យុវជន​គ្រប់ទិសទី​ ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​រួមចំណែក​កសាង​បន្ថែម និង​លើក​
​កម្ពស់​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​រណសិរ្ស​ទូលំទូលាយ​ នៃ​យុវជន​កម្ពុជា ដែល​បាន​បន្ត​បេសកកម្ម​ពី​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគម​យុវជន​កម្ពុជា ដែល​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលដៅ​សំខាន់បំផុត​ដើម្បី​ប្រមូលផ្ដុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុង​ការ​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​នា​ឱកាស​នោះ​ដែរ លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​បន្ដ​សកម្មភាព​ចូលរួម​ជា​វិជ្ជា​មាន​ដល់​សង្គម​កម្ពុជា ជាពិសេស​ការបន្ដ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល អង្គការ ស្ថាប័ន​ដៃគូ និង​បុគ្គល ដែល​មាន​បេះដូង និង​បេសកកម្ម​ដូចគ្នា​លើ​ការកសាង​អភិវឌ្ឍន៍​កម្ពុជា​មួយ​រឹងមាំ និង​កាន់តែ​មានការ​ទទួលស្គាល់​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ​»​។ និង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ធនធានមនុស្ស យុវជន​កម្ពុជា​ដែល​មាន​ការ​ទទួល​ខុសត្រូវ មាន​ឧត្ដមគតិ មនសិការ ស្នេហា​ជាតិ ដើម្បី​ជា​សសរ​ទ្រូង ​នៃ​ឆ្អឹងខ្នង​ដ៏​រឹងមាំ​សម្រាប់​ប្រទេសជាតិ នា​ពេល​បច្ចុប្បន្ន និង​អនាគត​។

បន្ថែម​ពីនេះ ស ស​ យ ក បន្ត​ជំរុញ​យុវជន ឲ្យ​ចូលរួម​កម្មវិធី​ស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធី​មនុស្សធម៌ ឬ​ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​សហគមន៍ ដើម្បី​យុវជន​បាន​សាកល្បង​ចំណេះដឹង ទេពកោសល្យ ការ​ច្នៃប្រឌិត និង​ទទួល​បាន​បទពិសោធន៍​ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​ជាតិ​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​អះអាង​ថា សមិទ្ធផល​ជាច្រើន​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្រេច​បាន​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក ប៉ុន្តែ​ក្នុងចំណោម​សមិទ្ធផល​ទាំងអស់​នោះ លោក​កត់សម្គាល់ថា សមិទ្ធផល​ដែល​ធំជាង​គេ​បំផុត​នោះ គឺ​ការ​ទទួល​ស្គាល់ និង​ការ​ទទួល​ស្វាគមន៍ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។ ក្នុង​រយៈពេល​៦​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​បាន​ឃើញ​ដោយ​ខ្លួនឯង​នូវ​សកម្មភាព ក្នុង​សង្គម​របស់ ស​.​ស​.​យ​.​ក ដោយ​មិន​ចាំ​បាច់​មានការ​ណែនាំ​អ្វី​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងអស់នោះ ​ត្រូវ​លះបង់​ ដើម្បី​តែ​ពលរដ្ឋ​ទាំង​អស់​។

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី ក៏បាន​គូស​បញ្ជាក់​អំពី​សមិទ្ធផល​មួយ​ចំនួន​ផង​ដែរ ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ ពោល​គឺ​ការ​បំបែក​កំណត់ត្រា​ពិភពលោក រួមមាន នំអន្សម​យក្ស​, រាំ​ម៉ាក​ឌី​ហ្សូ​ន​, ក្រមា​វែង​ជាងគេ​លើ​ពិភពលោក និង​ទូក «​ង​» វែង​ជាងគេ​លើ​ពិភពលោក​។

ដោយឡែក​សម្រាប់​ថ្នាក់ជាតិ រួមមាន មួក​យក្ស​, ពងមាន់​យក្ស​, អង្រុត​យក្ស​, ចាប៉ី​ដងវែង​ធំជាងគេ និង​សមិទ្ធផល​ជាច្រើន​ផ្សេងៗ​ទៀត​។ ហើយ​ចំពោះ​យន្តការ​ដែល ស​.​ស​.​យ​.​ក ត្រូវអនុវត្ត​បន្ដទៀត​នៅ​ពេល​ខាងមុខ​នោះ គឺ​ការ​បន្ដ​សកម្មភាព​សង្គម ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ព្រោះថា ស​.​ស​.​យ​.​ក ជា​វេទិកា​មួយ​ដែល​បង្កើត​ឲ្យ​យុវជន យុវនារី ដែលមាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការងារ​សង្គម មិន​ថា​កីឡា វប្បធម៌ មនុស្សធម៌ ផ្ដល់​ឈាម ឬ​ការ​ពិនិត្យ​សុខភាព ទៅដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu