Ad Code

ជន​បង្ក ដែល​បុក​និស្សិត​ស្រី​ស្លាប់​នៅ​ទួលគោក​ ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​សួរចម្លើយ



ភ្នំពេញ​ ៖​ ដូច​ការ​សន្យារ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ លោក យិន ង្គិ​ច បាន​នាំ​កូនស្រី​របស់​ខ្លួន​ឈ្មោះ យិន ម៉ា​ណា មកដល់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ឱ្យ​សមត្ថកិច្ច​សួរចម្លើយ និង​ចាត់ការ​តាម​នីតិ​វី ពាក់ព័ន្ធ​នឹង​ករណី​បើកបរ​បុក​និស្សិត​ឆ្នើម​ម្នាក់​ស្លាប់​នៅ​ទួលគោក។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី លោក យិន ង្គិ​ត ចូលខ្លួន​មក​សារភាព​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​បញ្ជាក់​អំពី​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់​និស្សិត​ស្រី​ម្នាក់, សមត្ថកិច្ច​បាន​ទុក​រយៈពេល​៣​ថ្ងៃ ដើម្បី​ឲ្យ​ជនបង្ក​ចូលខ្លួន​មក​បង្ហាញមុខ បើ​មិន​ចូលមក​ទទួលខុសត្រូវ​ទេនោះ សមត្ថកិច្ច នឹង​ចាត់ការ​តាមច្បាប់​។​

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការចូល​ឆ្លើយបំភ្លឺ​របស់លោក យិន ង្គិ​ច​, ជនបង្ក ឈ្មោះ យិន ម៉ា​ណា អាយុ​១៧​ឆ្នាំ ជា​កូនស្រី​របស់ លោក យិន ង្គិ​ច ជា​ថៅកែ​សណ្ឋាគារ ប្រេ​ម​អិ​ច​ប្រេ​ស​អង្គរ នៅ​ខេត្តសៀមរាប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទៀតផង​។​

​លោក យិន ង្គិ​ច ដែល​បាន​ចូលទៅ​បំភ្លឺ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ បាន​សារភាពថា អ្នកបើករថយន្ត​នោះ​ជា​កូនស្រី​របស់ខ្លួន​ពិតប្រាកដ​មែន ហើយ​លោក​ក៏បាន​យល់ព្រម​ផ្តិតមេដៃ​នៅលើ​កិច្ចសន្យា​ផងដែរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច លោក យិន ង្គិ​ច បាន​សន្យាថា នឹង​នាំខ្លួន​កូនស្រី​មក​ប្រគល់ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា នេះ លោក​ក៏បាន​នាំ​កូនស្រី​មកដល់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​តាម​ការសន្យារ​មែន ដើម្បី​ឲ្យ​សមត្ថកិច្ច​សួរចម្លើយ និង​អនុវត្ត​នីតិ​បន្តទៀត​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក មាន​រថយន្ត Rang Rover ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បាន​បើក​លឿន ហើយ​ទៅបុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា ផា​រ៉ា​ហ្គ​ន ខណៈ​នាង​កំពុងបើក​ម៉ូតូ បណ្ដាល​ឲ្យ​ទាំង​ម៉ូតូ និង​មនុស្ស​ប៉ើង​ដូច​សំឡី ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។ ករណីនេះ ត្រូវគេ​បាន​ទម្លាយ​តាមរយៈ​វីដេអូ​សុវត្ថិភាព​មួយ​នៅក្បែរ​កន្លែងកើតហេតុ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស ខ្លាំងៗ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជនបង្ក​ឲ្យ​បាន​។​

​នារី​រងគ្រោះ មានឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ត្រូវ​ឪពុកម្ដាយ​របស់​នាង​បាន​ប្រាប់ថា ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ រហូត​ទទួលបាន​អាហារូបករណ៍​នៅ​សាលា ផា​រ៉ា​ហ្គ​ន តែម្តង​។​

​ជាមួយគ្នានេះ កាលពី​ថ្ងៃទី ២៧​មីនា ម្សិលមិញ លោកស្រី ផាត់ ពៅ ជា​ម្ដាយបង្កើត​របស់​ជនរ​ង​គ្រោះ​បានដាក់​ពាក្យសុំ​ពឹងពាក់​ក្រុម​មេធាវី សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​ការពារ​ក្ដី​រក​យុត្តិធម៌​តាមផ្លូវ​តុលាការ ខណៈ​ជនបង្ក​មិនទាន់​បង្ហាញខ្លួន​នោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu