Ad Code

វង្ស វិឆ័យ ជួប​ចែគ​ស្យ៉ា​ម ឯ​រិ​ទ្ធ ភូ​លូ ជួប រិទ្ធី​យ៉ា​រ៉ា នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​



ប្រដាល់ ៖ វង្ស វិឆ័យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅ​លើ​សង្វៀន​ខា​រ៉ា​បាវ​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ។

វង្ស វិឆ័យ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចែគ​ស្យ៉ា​ម ចែគ​ស្យ៉ា​ម​ជី​ម (Jacksiam Jacksiam Gym)​។ ​ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​

ចែគ​ស្យ៉ា​ម គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​គួរ​សម​ដែរ។ នេះ​បើ​តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

ទោះជា​យ៉ាងណា ចែគ​ស្យ៉ា​ម ជួប​ជាមួយ ​វង្ស វិឆ័យ​លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ ​វង្ស វិឆ័យ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ។ យ៉ាងណា វង្ស វិឆ័យ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើឲ្យ ​ចែគ​ស្យ៉ា​ម ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។​

ចែគ​ស្យ៉ា​ម បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​មាន​កំណត់ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦២​លើក ចាញ់​១៦​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ជាង​២០​លើក​ឯណោះ។ យ៉ាងណា​បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស វិឆ័យ ក៏​នៅតែ​ច្រើនជាង ​វិឆ័យ ​ដែរ ដោយ​ វង្ស​វិឆ័យ មាន​កំណត់​ត្រា​ប្រកួត​តែ​២៦​លើក ឈ្នះ​២២​លើក ចាញ់​០៤​លើក មិនដែល​ស្មើ​។​

ដូច្នេះ វង្ស វិឆ័យ ​មិន​អាច​មើលងាយ​ ចែគ​ស្យ៉ា​ម បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ទើបតែ​ស្គាល់​ចាញ់​១៦​លើក​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ជាង​៨០​លើក​នោះ។

ចាំ​មើល វង្ស វិឆ័យ និង ចែគ​ស្យ៉ា​ម នេះ តើន​រណា​ជា​អ្នកឈ្នះ? ​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ​។ វង្ស វិឆ័យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ហាន​មើ (Harnmer Chak Kravan Muay Thai) ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​១៥​ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ។​

ចំពោះ រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា នៃ​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ​វិញ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ​រិ​ទ្ធ អៃរ៉ា​ (Rith iara Luk mnuenpetch) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ម្តង ណា​នៅឡើយ​ទេ​កន្លងមក​។​

រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១១​លើក និង​ឡាវ​២​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​១២ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ ​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​១០​នោះ ភូ​លូ វាយ​ឈ្នះ៨ លើក​និង​ចាញ់២ លើក​ប៉ុណ្ណោះ។​

ភូ​លូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៥៩​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៤​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​២០​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិន​ដឹង​ថា ភូ​លូ អាច​យកឈ្នះ រិ​ទ្ធ អៃរ៉ា បាន​ឬក៏​អត់​នោះ​ទេ​?។​

រិ​ទ្ធ អៃរ៉ា ដែល​មុននេះ គេ​មាន​ឈ្មោះថា WiFi ធ្លាប់​វាយ​ចាញ់ ​ផល សោ​ភ័​ណ្ឌ ពីរ​ដង រួច​មក​ហើយ​កាលពីពេល​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​១១៤​លើក ​ក្នុង​នោះ គេ​វាយ​ឈ្នះ​៨៨ លើក ចាញ់​២៣​លើក និង​ស្មើ​០៣​លើក។​

អ្នក​ប្រដាល់​ជើងចាស់ ​រិ​ទ្ធ អៃរ៉ា ​នេះ ធ្លាប់​វាយ​ចាញ់​ចាន់ រតនា ក្លិប​ខ្លា​ហោះ​ម្តង​ កាលពី​ជាង​មួយ​ឆ្នាំ​មុន នៅ​សង្វៀន​បាយ័ន​នេះ។ ហើយ​គេ​ធ្លាប់​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យសន្លប់​បាន​ចំនួន​១៥​លើក។​

រិ​ទ្ធ អៃរ៉ា ជា​ជើង​ខ្លាំង ដោយមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ ដូច្នេះ រិ​ទ្ធ​ភូ​លូ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្ដូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ។ ចាំមើល រវាង ​រិ​ទ្ធ ភូ​លូ និង រិ​ទ្ធ អៃរ៉ា តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​នេះ?៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu