Ad Code

រដ្ឋមន្ដ្រី​សុខាភិបាល​ជំរុញ​ឲ្យ​គ្រូពេទ្យ​កម្ពុជា​បង្កើន​សមត្ថភាព​បន្ថែមទៀត​ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប



ភ្នំពេញ​ ៖​ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឲ្យ​គ្រូពេទ្យ​កម្ពុជា​បង្កើន​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ទំនើប​វិស័យ​សុខាភិបាល​នា​ពេល​បច្ចុប្បន្ន​។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ណែនាំ​ឲ្យ​ក្រុម​គ្រូពេទ្យ​កម្ពុជា​ទាំងអស់​ ត្រូវ​ខិត​ខំ​សិក្សា​រៀនសូត្រ​ឲ្យ​កាន់​តែមាន​សមត្ថភាព​និង​ជំនាញ​ខ្ពស់​ថែមទៀត​ពិសេស​ផ្នែក​ជំងឺ​ត្រចៀក ច្រមុះ​និង​បំពង់​ខណៈ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ផ្នែក​វិស័យ​សុខាភិបាល​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​។

ជាមួយគ្នា​នេះដែ​រ លោក រដ្ឋមន្ត្រី​បានស្នើ​ដល់ដៃ​គូ​សហ​ប្រតិ​ប​ត្ដិ​ការ​ទាំងអស់​បន្ដ​ជួយ​បណ្ដុះបណ្ដាល​ដល់​គ្រូពេទ្យ​កម្ពុជា​ពិសេស​លើ​ជំនាញ​ត្រចៀក ច្រមុះ បំពង់ក ក្បាល និង​ក​ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូពេទ្យ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ស្របទៅតាម​តំបន់​និង​សកលលោក​។

ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​វេជ្ជសាស្ត្រ សមាគម​គ្រូពេទ្យ​ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង​កម្ពុជា​នៅ​សណ្ឋាគារ ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​កាលណា​គ្រូពេទ្យ​មាន​សមត្ថភាព​និង​ជំនាញ​ខ្ពស់​នោះ​នឹង​ជួយ​លើកកម្ពស់​គុណភាព និង​សុ​វត្ថិភាព​វិស័យ​សុខាភិបាល​ហើយ​កាត់បន្ថយ​ការ​ចេញទៅ​ស្វែងរក​ការ​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ផងដែរ​។

លោក​រដ្ឋមន្ដ្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ដៃគូ​ពាក់ព័ន្ធ​ទាំងអស់នេះ នឹង​បន្ដ​ជួយ​គាំទ្រ​បន្ថែម​ទៀត ទាំង​ការបណ្ដុះបណ្ដាល បច្ចេកទេស និង​ផ្សេងទៀត ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល ក្នុង​បម្រើ​នូវ​សេវា​សុខភាព ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បន្ដ​ជួយ​គាំទ្រ​កន្លង​មក​នេះ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាងច្រើន ជួយ​ដល់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។

លោក​សាស្ត្រាចារ្យ​ជំនួយ ប៉ូ រដ្ឋា ប្រធាន​សមាគម​គ្រូពេទ្យ​ត្រចៀក ច្រមុះ បំពង់ក ស​ល្យ​សាស្ត្រ ក្បាល និង​ក កម្ពុជា​បាន​មានប្រសាសន៍ថា​សមាគម​តែងតែ​សហការ​ជាមួយ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​បារាំ​ថ ម៉ាឡេស៊ី អង់គ្លេស អាមេរិក អូស្ត្រាលី នេប៉ាល់ សាំង​ហ្គា​ពួរ​ដើម្បី​ជួយ​វះកាត់​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​និង​ជួយ​បង្ហាត់បង្រៀន​ជំនាញ​ឬ​ផ្លាស់ប្តូរ​បទពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត​ដល់​ក្រុម​គ្រូពេទ្យ​ថ្មីៗ​និង​និស្សិត​ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​មាន​សីលធម៌​វិជ្ជាជីវៈ​ថ្លៃថ្នូរ​ស្តង់ដារ​តែមួយ ប្រើ​ភាសា​តែមួយ​ដើម្បី​ព្យាបាល​ដល់​អ្នកជំងឺ​ប្រកបដោយ​ប្រសិទ្ធភាព​។

ជាង​នេះ​ទៅ​ទៀត​ ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មកពី​ប្រទេស​កូរ៉េ​បានធ្វើការ​វះកាត់​ជំងឺ​គ​ថ្លង់​ជូន​ដល់​ប្រជាពលរដ្ឋ​ពិសេស​កុមារ នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាចមាន​ជីវិត​ថ្មី​អាច​ស្តាប់ ​ឬ ​និយាយ​បាន​ដូច​មនុស្ស​ទូទៅ​ព្រមទាំង​អាច​ចូលរួម​នៅក្នុង​សកម្មភាព​នានា​ក្នុង​សង្គម​បាន​ពេញលេញ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu