Ad Code

អាល្លឺម៉ង់​បន្ថែម​បម្រាម​នាំចេញ​អាវុធ​៦​ខែ​ទៀត​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​



រដ្ឋាភិបាលចម្រុះ​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ពង្រីក​រយៈពេល​៦​ខែ​ទៀត​ចំពោះ​បម្រាម​នាំចេញ​អាវុធ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​បាន​អនុវត្ត​លើកដំបូង​កាលពី​ខែ តុលា​ឆ្នាំមុន​ក្នុង ការ​ឆ្លើយតប​ទៅ នឹង​ឃាតកម្ម​លើ​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Jamal Khashoggi​។

​ទោះបីជា​យ៉ាងណាក៏ដោយ បម្រាម​នេះ​បាន​ប្រឈម​នឹង​ការ ប្រឆាំង​ពី​ខាងក្នុង​រដ្ឋាភិបាល​របស់​ប្រទេស​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ប៉ុន្តែ​មានការ​គាំទ្រ​ពី​ក្រុម​សិទ្ធិមនុស្ស​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Steffen Seibert បាន​និយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា “​បទបញ្ជា​ដើម្បី​បញ្ឈប់​ការនាំចេញ​អាវុធ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ បាន​ពន្យារពេល​៦​ខែ​គិត​ចាប់ពី​ថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ​២០១៩”​។

​រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង​បាន​ប្រតិកម្ម​ទៅនឹង​ឃាតកម្ម​លើ​លោក Khashoggi នៅស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ខែតុលា​ឆ្នាំមុន​ដោយ​ប្រកាស​ផ្អាក​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​បណ្តាប្រទេស​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​យេ​មែន​។

​ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​បាន​ប្រឈម​នឹង​ការតវ៉ា​ពី​ដៃគូ​សហភាព​អឺរ៉ុប​ដោយសារតែ​បម្រាម​នេះ​បាន​ប៉ះពាល់​ដល់​គម្រោង​ការពារ​ជាតិរួមគ្នា​ដូចជាយន្ដហោះ ​Eurofighter និង​យន្តហោះ Tornado ជាដើម​។

​ខណៈដែល​ប្រទេស​បារាំង​និង​អង់គ្លេស​បាន​ជំរុញ​ឲ្យ​អាល្លឺម៉ង់​បញ្ឈប់​ការនាំចេញ​នោះ ក្រុម​សិទិ្ធ​មនុស្ស​បាន​អះអាង ថាខ្លួន​គួរតែ​រក្សា​ជំហរ​នេះ​ដែល ជា​ទស្សនៈ​មួយ​មាន​អ្នកគាំទ្រ​ជាច្រើន​ក្នុងចំណោម​គណបក្ស Social Democrats (SPD) ដែល ជា​ដៃគូ​ថ្មី​ជាមួយ​ប្លុក​អភិរក្ស CDU / CSU របស់ លោកស្រី Merkel នៅក្នុងរដ្ឋាភិបាលចម្រុះ​។

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​នាំ​ឲ្យ​មានការ​ពិភាក្សា​បន្ថែមទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​
​មនុស្ស​យ៉ាងតិច​១០,០០០​នាក់​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​យេ​មែន​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៥​មក​៕ AFP 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu