Ad Code

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​ជួយ​រៀបចំ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវាសាធារណៈ​នៅ​ក្រសួង​ដើម្បី​បម្រើសេវា​ដល់​ប្រជាពលរដ្ឋ



​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានស្នើ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ហៅ​កាត់​ថា ABD​ជួយ​រៀបចំ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវាសាធារណៈ​នៅ​ក្រសួង​ដើម្បី​បម្រើសេវា​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​ ការ​រៀប​ចំ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវាសាធារណៈ​នៅ​ក្រសួង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដែល​ប្រើប្រាស់​តាម​បច្ចេកវិទ្យា​ទំនើប​នេះ ​គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​មក​ទទួល​សេវា​ផ្សេងៗ​នៅ​ក្រសួង​ប្រកបដោយ​តម្លាភាព រហ័ស​ទាន់​ចិត្ត​និង​ទាន់ពេលវេលា​ដោយ​មិនចាំបាច់​រង់ចាំ​យូរ​ឡើយ​។

ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក បណ្ឌិត អ៊ិត​សំហេង ជាមួយ​លោកស្រី អា​យ៉ា​គុ អ៊ី​ណាហ្គា​គិ នាយក​ផ្នែក​អភិវឌ្ឍន៍​សង្គម​និង​មនុស្ស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​កាលពី​ព្រឹក​ថ្ងៃទី​១​មីនា​នៅ​ទីស្តីការក្រសួង លោក ងុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា​ នៅក្នុង​ជំនួប​នោះ ​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​យកចិត្តទុកដាក់​គាំពារ​និង​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដែល​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ការងារ​ដល់​ពលករ​ទេសន្តរប្រវេសន៍​ដែល​ត្រឡប់​មកពី​ធ្វើការ​នៅក្រៅ​ប្រទេស​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹមជីវិត​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ABD​ជួយ​ពង្រឹង​លក្ខខណ្ឌ​ការងារ​នៅ​កន្លែងធ្វើការ​តាម​រោងចក្រ​សហគ្រាស​ដើម្បី​ធានា​ឲ្យ​បងប្អូន​កម្មករនិយោជិត​ទទួល​បាន​នូវ​សិទ្ធ​ការងារ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​និង​ជួយ​ផ្តល់​ការ​គាំទ្រ​លើ​សកម្មភាព​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​ក្នុងការ​ចូលរួម​បង្កើន​ការផ្សព្វផ្សាយ​ស្តីពី​ការងារ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែមទៀត​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​និង​ទទួលបាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​។

លោក ងុ​យ រិ​ទ្ធ បាន​បន្ត​ថា ​ជា​ការ​ឆ្លើយតប​តំណាង​ធនាគារពិភពលោក លោកស្រី អា​យ៉ា​គុ អ៊ី​ណាហ្គា​គិ បាន​គាំទ្រ​ចំពោះ​សំណើ​របស់​លោក​រដ្ឋមន្ត្រី​ ព្រោះ​វា​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​ABD​ឆ្នាំ​២០៣០​ខាងមុខ​នេះ​ហើយ​ លោកស្រី​បាន​សន្យា​ថា​ នឹង​យក​សំណើ​ទាំងនេះ​ ទៅ​ពិចារណា​និង​រៀបចំ​ជា​យុទ្ធសាស្ត្រ​ដើម្បី​អនុវត្ត​ការងារ​ទាំងនេះ​ប្រកប​ដោយ​រលូន​និង​ជោគជ័យ​សំដៅ​លើកកម្ពស់​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរឡើង​ថែមទៀត​។



លោកស្រី​បាន​បន្ត​ថា ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ទាប់​របស់ខ្លួន ដើម្បី​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ ដែល​ស្របតាម​អតិ​ភាព​ទាំង​៥​របស់​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូចជា បន្ត​ពង្រឹង​វិស័យ​បណ្តុះបណ្តាល ក្នុង​ការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស , ប្រាក់​ឈ្នួល​អប្បបរមា​, សុខភាព និង​សុវត្ថិភាព​ការងារ ,​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​, ទេស​ន្ត​ប្រវេសន៍​ការងារ​, បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ការធ្វើ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវាសាធារណៈ ,​ស្វែងរក​មូលនិធិ​ជួយ​ធានា​ដល់​និរន្ត​ភាព និង​ឯករាជ្យភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

គួរ​បញ្ជាក់​ថា ​ធនាគារអភិវឌ្ឍន៍អាស៊ី​និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​មួយ​ដែល​មាន​ឈ្មោះថា ជំនាញ​ដើម្បី​ប្រកួតប្រជែង​នៅ​ខែតុលា​ឆ្នាំ​២០១៩​ខាងមុខនេះ​មាន​រយៈពេល​៥​ចាប់ពី​ឆ្នាំ​២០១៩-២០២៣​ដោយ​ចំណាយ​ថវិកា​ចំនួន​៨៧​លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ជាន់ខ្ពស់​ដល់​យុវជន​កម្ពុជា​ឆ្លើយតប​តាម​ទីផ្សារ​ក្នុងស្រុក​និង​តំបន់​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់ ADB ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​វិស័យសេដ្ឋកិច្ច​-​សង្គម តាមរយៈ​ការ​គាំទ្រ​នេះ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​វឌ្ឍន​ភាព​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧​ភាគរយ​ប្រចាំឆ្នាំ ហើយ និង​អាច​សម្រេច​តាម​គោលដៅ​របស់​ខ្លួន​នៅ​ក្នុង​ការ​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

នៅក្នុង​ជំនួប​នោះ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បន្ត​ថា ​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅតែ​អាច​រក្សា​នូវ​និរន្ត​ភាព​នៃ​កំណើន​របស់​ខ្លួន​បើ​ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជា ដោយសារតែ​កត្តា​ខាងក្រៅ ច្រើន​ដូចជា សង្គ្រាម​ពាណិជ្ជកម្ម ការប្រកួតប្រជែង​កាន់តែ​តឹងតែង បដិវត្ត​ឧស្សាហកម្ម​៤.០ ប៉ុន្តែ​កម្ពុជា​ក៏​អាច​មាន​លទ្ធភាព​ក្នុង​កា​រក្សា​ភាព​ប្រកួតប្រជែង តាមរយៈ​ការ​ដាក់ចេញ​នូវ​កំណែទម្រង់​នានា រួម​ទាំង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត ដែល​មាន​វិស័យ​សក្តានុពល​ជាច្រើន​ក្នុង​ការ​ស្រប​ទាញ​កម្លាំង​ពលកម្ម​អតិពលកម្ម​ជាច្រើន​វិស័យ​ទៀត​ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ ដូចជា​អេឡិច​ត្រូ​និ​ច កែច្នៃ​ម្ហូបអាហារ សំណង់ និង​អចលនទ្រព្យ កសិឧស្សាហកម្ម ទេសចរណ៍ ជាដើម​។
​លោកស្រី​តំណាង ADB បាន​សំដែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កសាង​មូលធន​មនុស្ស​តាមរយៈ​ការ​ដាក់ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូច​មានចែង​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu