បាត់ដំបង ៖ គ្រោងឆ្អឹងសពត្រូវបានគេប្រទះឃើញនៅរាយប៉ាយក្បែរមាត់ទឹកខាងក្រោមស្ពានមួយកន្លែង កន្លងមកទីតាំងនេះ ជាកន្លែងដែលប្រជាពលរដ្ឋឧស្សាហ៍មកបង់សំណាញ់ រកត្រីជាញឹកញាប់ ហើយក៏មិនដែលឃើញឆ្អឹងមនុស្សនៅទីនេះដែរ។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលា ម៉ោងប្រមាណ៨និង១៥នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានបឹងស្ទឹប ស្ថិតក្នុងភូមិសាស្ត្រភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បន្ទាប់ពីមានក្មេងស្រីម្នាក់ បានស្រែកឆោឡោថា បានប្រទះឃើញឆ្អឹងខ្មោច។
បើតាមការរៀបរាប់ពីក្មេងស្រីនោះបាននិយាយថា នៅមុនពេលកើតហេតុនេះនាងបានធ្វើដំណើរមកកន្លែងខាងលើ ដើម្បីស្រវ៉ាងាវ ព្រោះនៅទីនេះមានងាវច្រើនណាស់ លុះពេលកំពុងរាវនៅក្នុងទឹក ក៏ស្រាប់តែនាងបានស្រវ៉ាប៉ះទៅនឹងថង់ផ្លាស្ទិកមួយនៅក្នុងទឹក។
នាងបានបន្តថា ដោយសារតែថង់នេះរហែក ទើបនាងអាចរាវប៉ះទៅនឹងវត្ថុរឹងៗម្យ៉ាង ហើយនាងក៏ទាញចេញពីថង់បោះឡើងមកលើគោក ក៏ស្រាប់តែឃើញឆ្អឹងខ្មោចទៅវិញ ទើបមានការឆោឡោឡើង ដោយសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅកម្លាំងជំនាញ ខាងកោសល្យវិច័យឲ្យចុះមកពិនិត្យ។
លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានលើកឡើងថា ផ្អែកតាមការស្រាវជ្រាវ និងត្រួតពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានថា គ្រោងឆ្អឹងខ្មោចខាងលើនេះអាចស្លាប់យូរណាស់មកហើយ ដែលទំនងជាអាចប្រជាកសិករណាម្នាក់ ភ្ជួរស្រែ ចំការ ហើយបានប៉ះទៅនឹងគ្រោងឆ្អឹងនេះ ទើបបានប្រមូលច្រកថង់យកមកបោះចោលខាងក្រោមស្ពាននេះតែម្តងដោយគេគិតថា បើទុកនៅលើដីគេអាចជារឿងមិនល្អ៕
Source: Kampuchea Thmey Daily
0 Comments