Ad Code

អ្នកជំនាញ​សេដ្ឋកិច្ច​ ដាក់​ការ​រំពឹង​ថា​ ប្រទេស​កម្ពុជា​ នឹង​ក្លាយ​ជា​ហង្ស​នៅ​អាស៊ី !



ភ្នំពេញ ៖ ស្របពេល​ជាមួយគ្នា​ ដែល​ ​បណ្ដា​ប្រទេសមួយ​ចំនួន​ដូចជា ​៖ ចិន​, ហុងកុង និង សិង្ហ​បុរី ត្រូវបាន​គេ​ប្រដូច​ថា​ ជា​ស្ដេច​នាគ ជា​ស្ដេចខ្លា​ខាង​ផ្នែក​សេដ្ឋកិច្ច​ នៅក្នុង​តំបន់​អាស៊ី​នោះ លោក ហង្ស ព្រី​ន្ស​យ៉ា ដែល​ជា​អ្នកសេដ្ឋកិច្ច​ និង​ជា​អ្នកជំនួញ​ដីធ្លី​ធំ​មួយ​ ក៏បាន​ដាក់​ការ​រំពឹង​ថា​ ប្រទេស​កម្ពុជា នឹង​ក្លាយជា​ហង្ស​ ខាង​ផ្នែក​សេដ្ឋកិច្ច​ នៅក្នុង​តំបន់​អាស៊ី​។​

ការ​ថ្លែង​របស់ លោក ហង្ស ព្រី​ន្ស​យ៉ា ខាងលើនេះ ​បានធ្វើ​ឡើង​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​(MOU )​ជាមួយ​ក្រុមហ៊ុន​យក្ស​ធំ​មួយ​របស់​ប្រទេស​ចិន ​និង​ប្រទេស​ថៃ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី នា​ថ្ងៃទី​២៨​ ខែ មីនា ឆ្នាំ​២០១៩​។

បច្ចុប្បន្ន​ លោក ហង្ស ព្រី​ន្ស​យ៉ា ដែលជា​ម្ចាស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ​ក៏បាន​បោះ​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​រាប់ពាន់​ហិកតា​ លើ​ខេត្ត​ចំនួន​៤​រួមមាន ​៖ កំពត ,​ពោធិ៍សាត់​, មណ្ឌលគីរី និង សៀម​រាប។

លោក ហង្ស ព្រី​ន្ស​យ៉ា បាន​លើកឡើងថា មិនយូរ​នោះទេ​ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ហង្ស​ដ៏​ស្រស់​ស្អាត​មួយ ដែល​បណ្ដា​ប្រទេស​ណាមួយ ជាពិសេស​ គឺ​មហា​យក្ស​ចិន សុទ្ធតែ​ចង់​ធ្វើជា​ដៃគូ​វិនិយោគ ដោយសារតែ​កម្ពុជា មាន​សក្ដានុពល​ធំ​សម្បើម​ ដែល​ក្រុម​អ្នកវិនិយោគ​ទាំងនោះ ​ត្រូវការ​បោះទុន​។​

ម្យ៉ាងទៀត ​ពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន​លោក ​ដែល​​បាន​ធ្វើ​ឡើង​ជា​មួយ​ក្រុម​ហ៊ុន​ធំ​២​ មកពី​ចិន ​និង​ថៃ​នោះ ​ក្រុមហ៊ុន​ចិន Harvest Chain Company Limited ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិន តំណាង​ដោយ​ លោក ស៊ូ ចុង​ប៉ី នាយក​ប្រតិបត្តិ បាន​ប្រកាស​ជួយ​ជំរុញ​លើ​វិស័យ​កសិកម្ម​របស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ដោយ​យល់ព្រម​ទទួល​ទិញ​កសិផល​ដែល​ក្រុមហ៊ុន និង​ពលរដ្ឋ​ដាំ​ដុះ​បាន ពិសេស​គឺ​ផ្លែ​ធូរេន យក​ទៅ​កាន់​ទីផ្សារ​ចិន ដើម្បីឲ្យ​កសិករ​ទទួល​បាន​ផលចំណេញ​ខ្ពស់​។​

លោក​និយាយទៀតថា ក្រុមហ៊ុន​ចិន​ បាន​ធានា​ផ្ដល់​ពូជ​ និង​បច្ចេកទេស​លើ​ផ្ទៃដី​រហូតដល់​២​ម៉ឺន​ហិកតា ដើម្បី​ធ្វើឲ្យ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​ការ​រីកចម្រើន​ ឲ្យ​ដូចគ្នា​នឹង​ប្រទេស​ជិតខាង​។ អនុស្សរណៈ​នៅក្នុង​ថ្ងៃនោះ ក្រុមហ៊ុន​ធំ​មួយ​របស់​ថៃ​ គឺ​ក្រុមហ៊ុន រា​ច្ឆា​កន​ណា​កន សាប់​ផ្លា​យ​ឯ​.​ក​(Rachchanakorn Supply Co.,LTD) តំណាង​ដោយ​លោក រ៉ា​ឆា​ភុល ខូ​ត​កែវ ជា​នាយក​ប្រតិបត្តិ ក៏បាន​ប្រកាស​ផ្គត់ផ្គង់​តម្រូវការ​ផ្សេងៗ​ជួយ​ជំរុញ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជួយ​គ្រប់​គ្រង​អចលនទ្រព្យ​រវាង​ថៃ និង​កម្ពុជា ជួយ​ផ្នែក​បច្ចេកទេស និង​សុខុមាលភាព​លើ​ផលដំណាំ និង​ផ្ដល់​ជី ក៏ដូចជា​សម្ភារៈ​ផ្នែក​កសិកម្ម​គ្រប់​ទម្រង់ ដើម្បី​ឲ្យ​ការ​វិនិយោគ​លើ​ការ​បង្កើត​ចម្ការ​របស់​ក្រុម​ហ៊ុន​ម្ចាស់​ដី ឲ្យ​បាន​ដំណើរការ​ទៅមុខ​ផងដែរ​។​

លោក ហង្ស ព្រី​ន្ស​យ៉ា បញ្ជាក់​ថា ​ជាមួយនឹង​ការ​ជ្រោមជ្រែង​ពី​មហា​យក្ស​ចិន និង​ក្រុមហ៊ុន​ជា​ដៃគូ​នៅ​ក្នុង​ប្រទេស​ថៃ លោក​កាន់​តែ​មាន​ជំនឿ​ចិត្ត​ថា​កម្ពុជា នឹង​ក្លាយជា​ហង្ស​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ដោយ​មិន​លំបាក​នោះ​ទេ ​ស្របគ្នា​ដែល​អ្នកវិនិយោគ​ធំៗ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ​ក៏​ចុះមក​បោះ​ទុន​លើ​វិស័យ​សាងសង់​អគារ​ខ្ពស់ៗ សណ្ឋាគារ បើក​រមណីយដ្ឋាន តំបន់​កម្សាន្ត កំពង់ផែ ព្រលានយន្តហោះ ខណៈ​ដែល​គម្រោង​ដីធ្លី ក៏​កាន់​តែមាន​សន្ទុះ​។

បន្ថែម​ពីលើ​នេះ ​លោក ហង្ស ព្រី​ន្ស​យ៉ា ក៏បាន​ទទូច​ឲ្យ​បងប្អូន​ដែល​ចង់​វិនិយោគ​ទិញ​ដីចម្ការ​ពី​ក្រុម​ហ៊ុន​ហង្ស​ម្ចាស់​ដី​របស់​លោក​កុំ​មាន​ភាព​ស្ទាក់ស្ទើរ​ ដោយសារតែ​ក្នុង​ពេលនេះ ក្រុមហ៊ុន​ចិន​ដ៏​ធំ និង​ក្រុមហ៊ុន​ល្បី​នៅ​ថៃ បាន​យល់ព្រម​ទទួល​ទិញ​ផលដំណាំ​នៅពេល​បាន​ផល​រួចរាល់​អស់ហើយ ក្នុង​ពេលដែល​ក្រុមការងារ​បច្ចេកទេស​ក្នុង​ការ​មើលថែ​ដំណាំ​របស់​បងប្អូន​ក្រោយពេល​ទិញ​ចម្ការ​ពី​គម្រោង ​"​ឋាន​ព្រះឥន្ទ​" របស់​លោក​ក៏​មិន​ភ័យ​រឿង​ខ្វះ​អ្នក​ជំនាញ​ថែទាំ​ខាង​ផ្នែក​បច្ចេកទេស​រយៈ​ពេល​៤​ឆ្នាំ ទៅ​៦​ឆ្នាំ ​តាម​កិច្ច​កុងត្រា​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu