Ad Code

ទៅ​ចូល​លេង​ផ្ទះ​គេ​ទុកចោល ​ធ្លាក់​ឆ្នាំង​សាក​ទូរស័ព្ទ​ ចុះទៅ​រើស ​ធ្លាក់ទឹក​លង់​ស្លាប់​មួយ​រំពេច​



ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ រួមទាំង​បក្ខពួក​២​ ទៅ​៣​នាក់​ បាន​ទៅ​ចូល​ផ្ទះ​គេ​ទិញ​ទុកចោល ​នៅ​លើ​ទឹក​ព្រោះតែ​ធ្លាក់​ឆ្នាំង​សាក​ទូរស័ព្ទ​នៅក្រោម​ផ្ទះ​នោះ​ ក៏​ចុះទៅ​រើស​ បណ្តាល​ឲ្យ​ផុត​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​​ ​លង់​ស្លាប់​មួយ​រំពេច​នោះ​តែម្ដង។

ហេតុការណ៍​នោះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​២៨​ ខែ​មីនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោមផ្ទះ​លេខ​៧៤​សេ (​ផ្ទះ​ចាស់​គេ​ទិញ​ទុកចោល​) ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អត្តសញ្ញាណ​ជនរងគ្រោះ ឈ្មោះ ប៉ង ដុស ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ​និង​ទីលំនៅ​មិន​ពិត​ប្រាកដ​។ ដោយ​ឆ្លងតាម​ការ​បំភ្លឺ​ពី​ ឈ្មោះ កាក់ ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ ឈ្មោះ ឃ្លោក ច័ន្ទ​ភ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​ជន​រងគ្រោះ​បានមក​អង្គុយលេង​នៅក្នុង​ផ្ទះ លេខ​៧៤​សេ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដោយ​កាន់​ដុំ​សាក​ថ្ម​ទូរស័ព្ទ និង​បានធ្វើឲ្យ​ធ្លាក់ចូល​ក្នុង​ទឹក​ក្រោម​ផ្ទះ។ ពេលនោះ​ជនរង​គ្រោះ​បាន​ចុះ​ទៅខាង​ក្រោមផ្ទះ​ រើស​ដុំ​សាក​ថ្ម​ទូរស័ព្ទ បណ្តាលឲ្យ​ផុងជើង​ធ្លាក់ចូល​ក្នុង​ទឹក ឈ្លក់​ទឹក​ស្លាប់​តែម្តង​ ព្រោះ​ទឹក​នៅ​ខាង​ក្រោមផ្ទះ​ចាស់​គេ​ទុកចោល​នោះ​មាន​ជម្រៅ​ប្រហែល​៣​ទៅ​៤​ម៉ែត្រ​ឯណោះ​ ហើយ​ម្យ៉ាងវិញទៀត​មាន​ដុះ​ជិត​ដោយ​ស្មៅ​ក្រាស់​ឃ្មឹក ​និង​លាយឡំ​ជាមួយ​ដើម​ត្រាវ​ជ្រៅ​យ៉ាងច្រើន​ផងដែរ​ ពេល​ដែល​ជនរងគ្រោះ​ធ្លាក់​ទៅ​ដូចជា​លិច​បាត់​តែម្ដង​។​

យោងតាម​ការសន្និដ្ឋាន​ និង​ការពិនិត្យ​របស់​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការ​ដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ជនរងគ្រោះពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ សព​ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu