Ad Code

កាត់ទោស ​ជន​ឆាត​សុំ​ស្នេហ៍​មិនបាន ​គំរាម​សម្លាប់



​ភ្នំពេញ ​៖ បុរស​ម្នាក់ ជាប់ចោទ​ពីបទ​គំរាមកំហែង​ថា ​នឹង​សម្លាប់ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ក្នុង​រឿង​ឆាត​សុំ​ស្រលាញ់​ស្ត្រី​រងគ្រោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មិនបាន​សម្រេច។​

ជន​បែក​ស្លុយ​នេះ​ ឈ្មោះ កន ដេ​ត អាយុ​២៩​ឆ្នាំ ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ.​ស បញ្ជូនមក​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩ ​ដើម្បី​បើកសវនាការ​ជំនុំជម្រះ​ជា​សាធារណៈ ។​ សវនាការ​នោះ​ មាន​លោក ​តុ​ប ឈុន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុម​ប្រឹក្សា​និង​លោក ស៊ិន វិ​រៈ ជា​តំណាង​អយ្យការ​។​

ក្នុង​សវនាការ​ជនជាប់ចោទ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆាត​សុំ​ស្រលាញ់​ជនរងគ្រោះ​តាម​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ឆ្លើយតប ទើប​ធ្វើ​ឲ្យ​​ខ្លួន​ខឹងសម្បា ហើយក៏​គំរាម​សម្លាប់​តែម្តង​។​

ចំណែក​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ខ្លួន​ពុំដែល​ស្គាល់​បុរស​រូបនេះ​ទេ ហើយ​ខ្លួន​ក៏មាន​ប្តី​រួច​ដែរ ទើប​ខ្លួន​មិន​តប​ឆាត​បែប​ផ្ដេសផ្ដាស​បែបនេះ​។ ប៉ុន្តែ​បានធ្វើឲ្យ​ប្តី​យល់​ច្រឡំ រហូត​ចុះ​ចេញពីផ្ទះ។ ដូច្នេះ​ខ្លួន​មានការ​ខូចចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​របស់​បុរស​រូបនេះ ហើយ​ខ្លួន​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​។​

គួរ​បញ្ជាក់ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បុរស​រូប​នេះ​កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​បាន​និយាយ​គំរាម តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ប៉ុនប៉ង​សម្លាប់​ស្ត្រី​រងគ្រោះ ព្រោះ​មិនអាច​តាម​ស្រលាញ់​បាន។​

ពេល​ជនរងគ្រោះ​មិនបាន​ឆ្លើយតប ជនសង្ស័យ​នោះ បាន​សរសេរ​សារ​បង្ហោះ (comment/post) និង​បន្ត ផ្ញើ​សារ (messenger)​បន្ថែមទៀត ក្នុងន័យ​តាម​ស្រឡាញ់​ទៅ​រំខាន​ច្រើនដង រហូត​ជនរងគ្រោះ បាន​ប្លុក​គណនី (Block) តាម​រំខាន​សុំ​ស្រឡាញ់​នោះ ដែល​បណ្តាលឲ្យ​ជនសង្ស័យ​រូបនោះ មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​បាន​និយាយ​គំរាម​ថា​ នឹង​តាម​ព្យាបាទ​ជា​រៀងរហូត។​

ជនសង្ស័យ កន ដេ​ត បាន​បង្កើត​គណនី​ជាច្រើន​តាម​រំខាន និង​បាន​សរសេរ​អត្ថបទ​អសុរោះ ជេរ​ប្រមាថ​បរិហារកេរ្តិ៍​ជនរងគ្រោះ ក្រុម​គ្រួសារ មិត្តភ័ក្ដិ​ទាំងឡាយ និង​បាន​ផ្ញើ​សារ​ជា​សំឡេង គំរាម​ថា នឹង​សម្លាប់​ជនរងគ្រោះ​ផងដែរ។ អំពើ​គំរាមកំហែង​តាម​សម្លាប់​នោះ បាន​នាំឲ្យ​មានការ​ប្តឹងទៅ​សមត្ថកិច្ច ដើម្បី​ចាត់​វិធានការណ៍ រាំង​ស្កាត់​ក្នុងការ​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន។​

បន្ទាប់ពី​បញ្ចប់​ការសួរដេញដោល​រួចហើយ តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​រឿងក្តី​នេះ ទៅ​រសៀល​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៩ ខាងមុខ​វិញ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu