Ad Code

ថ្នាំញៀន​១៩​កញ្ចប់​ និង ​ជនសង្ស័យ​ម្នាក់​ ត្រូវ​បង្ក្រាប​ក្នុង​រង្វង់​ប្រតិបត្តិការ​ក្រោយ​ពលរដ្ឋ​រាយការណ៍



កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើ​ល​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១៩​កញ្ចប់​កាលពី​នៅ​ថ្ងៃ អាទិត្យ ១២​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦​និង​០០​នាទី នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ស ណូ ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​វរសេនីយ៍ឯក សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ស ណូ ភេទ​ប្រុស អាយុ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​កង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់​យក​រួមមាន - ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១៩​កញ្ចប់ ក្នុង​នោះ​១​កញ្ចប់​ធំ និង​តូច ១៨​កញ្ចប់។



លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ បាន​ចុះ​ដល់​ចំណុច​កើតហេតុ។

ដោយមាន​ការចូលរួម​ពី​លោក​មេភូមិ សំរោង សមត្ថកិច្ច​នគរបាល បាន​បន្តធ្វើ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅឋាន​ឈ្មោះ ស ណូ រកឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១៩​កញ្ចប់ ក្នុង​នោះ ធំ ០១​កញ្ចប់ និង​តូច ១៨​កញ្ចប់ រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ស ណូ បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ ៥០០,០០០៛ ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​វត្ត​ធន​មន្ត ភូមិ ទួល​សូ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​យកមក​រំលែក​លក់​ក្នុង ០១​កញ្ចប់​តូច តម្លៃ ២០,០០០៛ ទៅ ៣០,០០០៛។

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu