ភ្នំពេញ ៖ ចៅក្រមឡុង វណ្ណា ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ។
ជនជាប់ចោទឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិអាមេរិកាំងកាន់លិខិតឆ្លងដែនលេខ 546245420។
ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនមកតុលាការកាលពីថ្ងៃទី០៥មីនា។ ដំបូងឡើយជនសង្ស័យ នៅចំពោះមុខតំណាងអយ្យការ លោកស៊ិន វិរៈ ជាព្រះរាជអាជ្ញារង មិនព្រមឆ្លើយនិងសំណួររបស់តុលាការទេ ដោយទាមទារឲ្យមានមេធាវីជំនួយស្មារតីទើបព្រមឆ្លើយ។ ក្នុងនោះក្រោយការសាកសួរចប់ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទរួមភេទជាមួអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទអោយចៅក្រមសម្រេចតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានរង នូវពាក្យបណ្តឹងពីសំណាក់អាណាព្យាបាលរបស់ជនរងគ្រោះកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សា យីហោ ស្រីនាង៨៧១ ស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីមានពាក្យបណ្តឹងសមត្ថកិច្ចបានបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់កិច្ចប្រតិបត្តិការបង្ក្រាបលើបទល្មើស ទិញពេស្យាចារកុមារ ខ្មែរមួយនេះ ដោយបានរំដោះជនរងគ្រោះ៥នាក់ ក្នុងនោះមានកុមារី៣នាក់ នៅជាអនីតិជននៅឡើយ។
បន្ទប់មកជនរងគ្រោះត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនជាប់សង្ស័យត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញសម្រេចតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments