ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួន បន្ទាប់ពីគេសង្ស័យធ្វើទារុណកម្មលើកូនប្រុសខ្លួនឯងអាយុ៣ឆ្នាំ ដែលកំពុងមានជំងឺរហូតដល់សន្លប់ហើយស្លាប់ខណៈដឹកដល់មន្ទីរគន្ធបុប្ផាបានជាង១០ម៉ោង រីឯកូនស្រីអាយុ២ឆ្នាំរបួសជាំពេញខ្លួន។
រឿងរ៉ាវឃាត់ខ្លួនបុរសខាងលើនៅធ្វើឡើងនៅវេលាម៉ោង៩ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩នៅវត្តវ៉ារិនហៅវត្តព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ខណៈយកសពកូនទៅបូជានៅវត្តវ៉ារិន ហៅវត្តព្រែកលៀបនោះ ពោលគឺបន្ទាប់ពីបងប្អូនខាងម្តាយក្មេងរងគ្រោះប្តឹងសមត្ថកិច្ច។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះណីរិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ អតីតជាសន្តិសុខឯកជនឈ្មោះ ស្រេង សុភ័ក្រ អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រកូនក្មេងប្រុសរងគ្រោះ ឈ្មោះ រិទ្ធីរ៉ាទីអាយុទើបតែ៣ឆ្នាំ រីឯកូនស្រីរងគ្រោះទី២ អាយុ២ឆ្នាំ ទាំងអស់គ្នារស់នៅផ្ទះជួល សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
តាមនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារ ចោទប្រកាន់ថា បានប្រើហិង្សា ទៅលើកុមារ បណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន។
ទោះបីជាយ៉ាងណា នគរបាលបានឲ្យដឹងថា តាមលិខិតមរណភាពរបស់មន្ទីរពេទ្យ កុមារគន្ធបុប្ពា បានបញ្ជាក់ថាក្មេងប្រុសនោះស្លាប់ដោយសារតែជំងឺសួតធ្ងន់ធ្ងរ។
មន្ត្រីនគរបាលរូបនោះបានឲ្យដឹងទៀតថា បន្ទាប់ពីមានពាក្យបណ្តឹង សមត្ថកិច្ចក៏បានឃាត់ខ្លួន ឪពុក សាកសួរ និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពីនិត្យ សពផងដែរ។
នគរបាលខាងលើបញ្ជាក់ថា ការស្លាប់របស់ក្មេងនោះដោយសារតែជំងឺ ហើយការឃាត់ខ្លួន បុរសជាឪពុកដោយសារតែប្រើហិង្សាមកលើកុមារ មិនបានពាក់ព័ន្ធការស្លាប់នោះទេ។
តាមស្ត្រីឈ្មោះស្រេង សុភ័ក្រត្រូវជាម្តាយក្មេង បានឲ្យដឹងថា កូនប្រុស របស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ផា នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមិនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីម៉ោង១១ថ្ងៃត្រង់។
ស្ត្រីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួន ឈឺ ប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់ហើយនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែមីនា នេះកូនប្រុសក៏បានសន្លប់ ហើយខ្លួន ក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ផាហើយ ត្រូវគ្រូពេទ្យ ឲ្យដឹងថា កូន មានជំងឺសួត រលាកបំពងក និងមានបញ្ហាខួរក្បាល។ នៅពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ក៏បានដាច់ខ្យល់ស្លាប់ក៏បាននាំទៅបុកជានៅវត្តវ៉ារិន្ទហៅវត្តព្រែកលៀប ដើម្បីបូជា ដោយសារតែបងប្អូន មានការសង្ស័យថា ប្តីរបស់ខ្លួន វាយស្លាប់ និងមានស្នាមជាំជាច្រើនកន្លែងផងក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីនាងតែម្តង។
តាមបងប្អូន ខាងម្តាយ ក្មេងបានឲ្យដឹងថា កន្លងមក បុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួន ឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថា តែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៏បានប្រើហិង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥ផងដែរ។ ដោយមានការសង្ស័យឪពុកក្មេង ជាអ្នកវាយសម្លាប់ក៏បានប្តឹងនគរបាលឲ្យជួយស្រាវជ្រាវរកយុត្តិធម៌។ បន្ទាប់ពីឃាត់ខ្លួនបុរសជាឪពុក សាកសួរនគរបាលខណ្ឌជ្រោយចង្វារក៏បានប្រគល់ទៅឲ្យនគរបាលខណ្ឌដង្កោវិញ ដើម្បីកសាងសំរឿងចាត់ការតាមច្បាប់ព្រោះករណីកើតឡើងនៅខណ្ឌដង្កោ។
បើទោះបីយ៉ាងណាក៏ដោយម្តាយកូនក្មេងរងគ្រោះ មិនចង់ប្តឹងឲ្យគេចាប់ប្តីរបស់ខ្លួននោះទេ ព្រោះនៅមានកូនតូចមួយទៀតដែលត្រូវចិញ្ចឹម ហើយក៏សំណូមពរឲ្យអង្គការជួយស្ត្រីមានវិបត្តិឬកុមារសូមជួយនាងផង៕
Source: Kampuchea Thmey Daily
0 Comments