ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឆ្មក់ចាប់ខ្លួនបុរសម្នាក់ឆែកឆេររកឃើញថ្នាំញៀនចំនួន១៣កញ្ចប់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវលំមួយ ម្តុំភូមិបុរីកម្មករ អតីតភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនខាងលើឈ្មោះ ប៊ិច ផារ៉ា អាយុ៤៥ឆ្នាំមិនមានមុខរបរពិតប្រាកដក្រៅពីរកស៊ីលក់ថ្នាំញៀន ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌនិងប៉ុស្តិ៍ទឹកថ្លា បានសហការគ្នាចុះធ្វើការយាមល្បាតចល័តនិងពួនស្ទាក់ក្នុងមូលដ្ឋានក្រោយមកនៅវេលាម៉ោង២០ យប់ថ្ងៃទី១៣ ខែមីនា បានប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់ខាងលើជិះម៉ូតូម៉ាកហ្សូមឺអិច្ស ពាក់ស្លាក លេខភ្នំពេញ1GK-4626 ចូលមកក្នុងភូមិបុរីកម្មករ ត្រង់តំបន់សំបូរថ្នាំញៀន ក៏បានឃាត់ឆែកឆេរ រកឃើញថ្នាំញៀនចំនួន១៣កញ្ចប់ធំ និង តូច លាក់នៅក្នុងស្រោមជើងកូនក្មេង ចងខ្សែដាក់ក្នុងខោទ្រនាប់របស់គេ ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំស្រាវជ្រាវបន្ត។
ជនជាប់ចោទរូបនេះ ពុំបានសារភាពតាមត្រង់ពីចំណុចទីតាំងនិងបក្ខពួករបស់គេដែលបានផ្តល់ថ្នាំញៀននេះ មកឲ្យខ្លួនយកមកជួញដូរលក់ចែកចាយបន្តនៅឡើយទេ។
ប៉ូលិសបានចោទប្រកាន់បុរសខាងលើនេះ ពីបទជួញដូរថ្នាំញៀនខុសច្បាប់ហើយបានសួរនាំស្រាវជ្រាវរកប្រភពដែលគេយកមកលក់បន្តដើម្បីតាមចាប់ខ្លួនមេខ្លោងធំរបស់គេ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments