ក្លិបបាល់ទាត់ក្រសួងការពារជាតិ សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបង្ហាញនិមិត្តសញ្ញតំណាងក្លិប (Logo) របស់ខ្លួនថ្មី មុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ពោលគឺនិមិត្តសញ្ញាថ្មីនេះមិនជាន់គ្នានឹងនិមិត្តសញ្ញារបស់ក្រសួងកាពារជាតិ ដែលធ្លាប់ប្រើប្រាស់កន្លងមក។
លោក ខូវ ឆាយ ដែលជាអគ្គលេខាធិការរបស់ក្លិបក្រសួងការពារជាតិ បានបញ្ជាក់ពីមូលហេតុនៃការប្តូរនេះថា ក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ក្លិបក៏សម្រេចជ្រើសរើសរចនាបថថ្មីដែលមានលក្ខណៈទៅនឹងក្រសួងការពារជាតិ តែមិនយកលំនាំទាំងស្រុងដូចមុនទេ។ «ដោយសារឡូហ្គោចាស់ជារបស់ក្រសួងការពារជាតិ ទាំងមូល ដោយយើងប្រជុំជាមួយថ្នាក់ដឹកនាំទៅ យើងសម្រេចថា ឡូហ្គោក្លិបបាល់ទាត់ គ្រាន់តែស្រដៀង តែមិនគួរយកឡូហ្គោក្រសួងការពារជាតិទាំងមូលយកមកប្រើ។ អ៊ីចឹងយើងសម្រេចយកឡូហ្គោតំណាងក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលផ្ទុយពីក្រសួងដែលទូលំទូលាយពេក»។
ក្រុមក្រសួងការពារជាតិ ជាបេក្ខភាពមួយមិនអាចមើលរំលងបានក្នុងការប្រជែងយកជើងឯកនៅរៀងរាល់ឆ្នាំ ខណៈអំឡុងពេលដែលលីគកំពូលកម្ពុជា សម្រាកបន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ២០១៨ ក្រុមនេះបានឈ្នះជើងឯកក្នុងពានរង្វាន់អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅខេត្ត Nanning ប្រទេសចិន។ យ៉ាងណាក្តីកីឡាករបរទេសចាស់ៗកាលពីឆ្នាំមុនបានចាកចេញពីក្លិបអស់ហើយ ស្របពេលក្លិបបានបន្ថែមកម្លាំងមួយចំនួនជំនួសវិញ។
បើនិយាយពីបេសកកម្មក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមក្រសួងការពារជាតិ បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្លិបទាំង១២ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា(Metfone Cambodian League 2018) ក្រោយប្រកួតបាន២២លើកឈ្នះបាន១៣ លើកហើយធ្លាប់ស្មើគ្នាបាន៣លើក និងចាញ់រហូតដល់៦លើក។ ចំណែកពានរង្វាន់សម្តេចតេជោ វិញគឺបានឈ្នះជើងឯកក្រោយយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments