កីឡាករ អ៊ន ចាន់ប៉ូលីន ដែលជាខ្សែបម្រើកណ្តាលវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញទម្រង់លេងយ៉ាងល្អរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF U22 Championship 2019 មានគោលបំណងធំមួយជាមួយក្លិបរបស់ខ្លួននៅឆ្នាំនេះគឺចង់ជួយក្រុមយកឈ្នះជើងឯកក្នុងពានរង្វាន់លីគកំពូលក្នុងឆ្នាំ២០១៩នេះ។
ប្រធានក្រុម U22 កម្ពុជា រូបនេះបានលើកឡើងថា « ខ្ញុំមិនទាន់ពេញចិត្តជាមួយទម្រង់លេងរបស់ខ្ញុំនៅឡើយទេចំពោះការប្រកួតប្រជែងក្នុងពានរង្វាន់ AFF U22 Championships នាពេលកន្លងមក ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកែប្រែចំនុចខ្វះខាត។ ខ្ញុំនឹងយកបទពិសោធន៍ដែលខ្ញុំមានក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ មកកែលម្អនិងធ្វើឲ្យបានល្អដើម្បីលេងក្នុងលីគកំពូលកម្ពុជា។ ក្រុមភ្នំពេញក្រោនរបស់យើងមានការរៀបចំបានល្អដោយសារតែឆ្នាំនេះពួកយើងមានការប្រកួតពានរង្វាន់មុនបើករដូវកាល (pre-season)។ ដូច្នេះពួកយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតលីគក្នុងឆ្នាំនេះ»។
កីឡាកររូបនេះបានបន្ថែមទៀតថា «គោលដៅចម្បងរបស់ខ្ញុំនៅឆ្នាំនេះគឺឈ្នះពានលីគកំពូលកម្ពុជា ជាមួយក្លិបភ្នំពេញក្រោន ព្រោះពួកយើងខកខានឈ្នះពានរង្វាន់នេះ៣ឆ្នាំមកហើយ។ ដូច្នេះនៅឆ្នាំនេះវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការឈ្នះពានរង្វាន់លីគកំពូល»។ កីឡាករ អ៊ន ចាន់ប៉ូលីន រំពឹងថា ខ្លួននិងមិត្តរួមក្រុមនឹងធ្វើបានកាន់តែល្អនៅរដូវកាលនេះ។
សូមរំលឹកថាក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតបើករដូវកាលឆ្នាំ២០១៩ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅចុងសប្ដាហ៍នេះដោយត្រូវប៉ះក្រុមជើងឯក៣សម័យកាលបឹងកេតអែហ្វស៊ី នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋាន RSN Stadium ក្នុងទឹកដីខណ្ឌទួលគោក រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments