Ad Code

​បើក​កិច្ចប្រជុំ​ ស្តីពី​ការឆ្លើយតប​រួមគ្នា​ក្នុង​ការ​អន្តរាគមន៍​ជំងឺអេដស៍​ និង​គ្រឿងញៀន​ នៅ​កម្ពុជា​



ភ្នំពេញ ​៖​ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​កាលពី​ថ្ងៃទី​៤ ​ខែមីនា ​ឆ្នាំ​២០១៩​ បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការឆ្លើយតប​រួមគ្នា​ក្នុងការ​អន្តរាគមន៍​ជំងឺ​អេដស៍​ និង​គ្រឿងញៀន​ នៅ​កម្ពុជា​នៅ​សាកល​វិទ្យាល័យ​ដើម្បី​ពិភាក្សា​ស្វែងរក​វិធីសាស្ត្រ​សមស្រប​ ឆ្លើយតប​នឹង​អន្តរាគមន៍​ទៅលើ​ជំងឺ​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
​ ​
កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ លោក​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ដោយមាន​ការចូលរួម​ពី​ លោក មាស ​វិ​រិ​ទ្ធ អគ្គលេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន អ្នកជំនាញការ​ឯកទេស​មកពី​ប្រទេស​ថៃ វៀតណាម​និង​សហរដ្ឋអាមេរិក​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​ផងដែរ​។​
​ ​
លោក​សាស្ត្រាចារ្យ សា​ផុន ​វឌ្ឍនៈ សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ឆ្លើយតប​រួមគ្នា​ក្នុងការ​អន្តរាគមន៍​ជំងឺ​អេដស៍ ​និង​គ្រឿងញៀន​នៅ​កម្ពុជា​និង​ពិភាក្សា​ពី​តួនាទី​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុងការ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​បន្ត​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជួន​ដល់​មន្ត្រី​ និង​បុគ្គលិក​ដែល​កំពុង​ផ្តល់​សេវា​ថែទាំ​ជំងឺ​អេដស៍​ នៅ​តាម​បណ្តា​មូលដ្ឋាន​សុខាភិបាល​នានា​នៅ​កម្ពុជា​។​
​ ​
លោក​សាស្ត្រាចារ្យ សា​ផុន​ វឌ្ឍនៈ​ បាន​បន្តថា​ គិត​រហូតមកដល់​ខែធ្នូ​ឆ្នាំ​២០១៨ ​កម្ពុ​ជា មាន​អ្នកជំងឺ​ចំនួន​៣៥៩២៧​នាក់ ​កំពុង​ទទួលបាន​ការព្យាបាល​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍ ​និង​ប្រឆាំងនឹង​ជំងឺ​ឱកាសនិយម​។​ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ​មាន​១៣៧០​នាក់​ ត្រូវជា​៣.៨​ភាគរយ​ បាន​ប្រាប់​ថា​ ពួកគាត់​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ ក្នុងចំណោម​នោះ​មាន​២០០​នាក់ ​បាន​បញ្ជាក់​ថា​គាត់​កំពុង​ប្រើប្រាស់​គ្រឿងញៀន​។​
​ ​
លោក​សាស្ត្រាចារ្យ សា​ផុន​ វឌ្ឍនៈ ​បាន​បន្ថែមថា ​ហេតុនេះ ​ការធ្វើអន្តរាគមន៍​រួមគ្នា​លើ​ការ​ព្យាបាល​ជំងឺ​អេដស៍​ និង​បន្សាប​គ្រឿងញៀន ​ដល់​ពួកគាត់​នឹង​ជួយ​លើកកម្ពស់​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ បាន​ជាប់លាប់​ល្អ ​និង​កាត់បន្ថយ​ការ​បរាជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​អេដស៍​។

​លទ្ធផល​អន្តរាគមន៍​នេះ​ នឹង​ជួយ​ឲ្យ​កម្ពុជា​ សម្រេច​បាន​នូវ​គោលដៅ​៩០.៩០.៩០​ ជាពិសេស​ក្នុង​ចំណោម​ក្រុម​គោលដៅ​ដែល​ប្រឈម​នឹង​ការឆ្លង​ជំងឺ​អេដស៍​ខ្ពស់​ដូចជា ​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។​

​លោក​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ថ្ងៃនេះ​គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ ដែល​ក្រសួងសុខាភិបាល​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ដៃគូ​ពាក់ព័ន្ធ​នានា​ បាន​ស្វែងរក​អភិក្រម​ថ្មីៗ​ក្នុង​ការធ្វើអន្តរាគមន៍​ឆ្លើយតប​រួមគ្នា​ទៅ​នឹង​ជំងឺ​អេដស៍​និង​គ្រឿងញៀន​ឲ្យ​សមស្រប​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើស្បែក​កាមរោគ ​និង​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត ​និង​ការបំពាន​គ្រឿងញៀន​ ត្រូវ​រៀបចំ​ឲ្យ​មាន​អភិក្រម​ថ្មី​ដើម្បី​ឆ្លើយ​ប​តប​ទៅនឹង​ជំងឺ​អេដស៍​ និង​គ្រឿងញៀន​។​

ពង្រឹង​សមត្ថភាព​ជាប្រចាំ​ដល់​អ្នក​ផ្តល់​សេវា​ព្យាបាល​ជំងឺ​អេដស៍​ និង​គ្រឿងញៀន រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ នៃ​មេរោគ​អេដស៍​ជំងឺ​អេដស៍ ​និង​ការប្រើប្រាស់​គ្រឿងញៀន​ឲ្យ​មាន​លក្ខណៈ​រស់រវើក​ និង​ទាន់ពេលវេលា​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​ចំណែក​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​ត្រូវខិតខំ​ដាក់​បញ្ចូល​ការ​អន្តរាគមន៍​មេរោគ​អេដស៍ ​ជំងឺ​អេដស៍ ​និង​គ្រឿងញៀន ​ទៅក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​វេជ្ជសាស្ត្រ​គ្រប់​កម្រិត ​និង​ស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ សូមជួយ​លើកកម្ពស់​ការស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ ​ក្នុង​ការ​ស្វែងរក​វិធីសាស្ត្រ ​ឬ​អន្តរាគមន៍​ផ្សេងៗ​ ដើម្បី​ធ្វើ​ឲ្យ​អន្តរាគមន៍​ ឆ្លើយតប​នឹង​ជំងឺ​អេដស៍​ និង​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu