ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសថ្នាំគ្រាប់មេតំហ្វេតាមីនជាង១០លានគ្រាប់ដែលមានតម្លៃ១៣.៣លានដុល្លារកាលពីចុងសប្តាហ៍ដែលនេះជាការរឹបអូសដ៏ធំមួយទៀតនៅក្នុងប្រទេសមួយដែលត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថាជាអ្នកផលិតមេតំហ្វេតាមីនធំជាងគេបំផុតនៅលើពិភពលោក។
មេតំហ្វេតាមីនគ្រីស្តាល់ឬទឹកកកត្រូវបានជួញដូរចេញពីប្រទេសមីយ៉ាន់ម៉ាតាមរយៈបណ្តាញទំនើបៗទៅកាន់ទីផ្សារដែលមានការរីកចម្រើនដូចជានៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលីជាដើម។
ថ្នាំគ្រាប់មានគុណភាពទាបនិងត្រូវបានគេស្គាល់ថាជាយ៉ាម៉ាឬថ្នាំឆ្កួតគឺត្រូវបាននាំចេញទៅដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក៏ដូចជាសហគមន៍គ្រឿងញៀនធំៗនៅថៃនិងបង់ក្លាដែសផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្ដិការផ្សេងគ្នាចំនួនពីរបានធ្វើឡើងនៅភាគខាងលិចប្រទេសកាលពីចុងសប្តាហ៍ដោយមួយនៅតំបន់ Magway និងមួយទៀតនៅ Maungdaw ក្នុងរដ្ឋរ៉ាក់ឃីន។
វរសេនីយ៍ឯក Win Ko Ko បានប្រាប់ AFP ថា “វាជាការរឹបអូសថ្នាំញៀនធំជាងគេបង្អស់ក្នុងឆ្នាំនេះនៅក្នុងប្រទេសហើយធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់ Maungdaw នៃរដ្ឋរ៉ាក់ឃីន”។
ថ្នាំគ្រាប់ទាំងនេះទំនងជាមានគោលដៅទៅប្រទេសបង់ក្លាដែសដែលជាកន្លែងពួកគេបានក្លាយទៅជាប្រភពប្រាក់ចំណូលដ៏ងាយស្រួលសម្រាប់ជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាដែលបានឆ្លងកាត់ព្រំដែនចាប់តាំងពីការបង្ក្រាបដោយយោធាក្នុងឆ្នាំ២០១៧។
ទោះបីជាយ៉ាងណាក៏ដោយ ការផលិតគ្រឿងញៀនភាគច្រើនគឺកើតមានឡើងនៅម្ខាងទៀតនៃប្រទេសមីយ៉ាន់ម៉ាពោលគឺនៅរដ្ឋសានភាគខាងកើតដែលញាំញីដោយជម្លោះ។
តួលេខផលិតកម្មត្រឹមត្រូវគឺមិនអាចត្រូវបានគេរកឃើញទេប៉ុន្តែអ្នកជំនាញបាននិយាយថា ការរឹបអូសដ៏ធំបែបនេះមិនមានឥទ្ធិពលលើតម្លៃថ្នាំញៀននោះទេដោយបង្ហាញថា ពួកគេគ្រាន់តែជាមួយភាគតូចនៃចំនួនសរុបប៉ុណ្ណោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments