Ad Code

ក្រុមប្រឹក្សា​រាជធានី និង​ជា​ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ជួបពិភាក្សា​ការងារ​ជាមួយ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង លើ​គម្រោង រៀបចំ​ក្រុង



ភ្នំពេញ ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ព្យែ​រ ប៊ៃយ៉េ អគ្គលេខាធិការ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) អំពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង "​ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា លើ​វិស័យ​រៀបចំ​ក្រុង។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា​ នៅ​ព្រឹក​ថ្ងៃទី​៧ មីនា ឆ្នាំ​២០១៩, លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ព្យែ​រ ប៊ៃ​យ៉េ អគ្គលេខាធិការ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) អំពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង "​ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា លើ​វិស័យ​រៀបចំ​ក្រុង​ប្រកបដោយ​និរន្តរភាព ដើម្បី​រៀបចំ​ឡើងវិញ​តំបន់​អនាធិបតេយ្យ និង​ធានា​នូវ​លទ្ធភាព​ទទួល​បាន​សេវាកម្ម​សំខាន់ៗ​សម្រាប់​ជនក្រីក្រ"។

ការអនុវត្ត​គ្រោង​រយៈពេល ៣ ឆ្នាំ (២០១៩-២០២១) ទទួលបាន​ការគាំទ្រ​ពី EU ក្នុង​ថវិកា​ប្រមាណ ១ លាន​អឺរ៉ូ ធ្វើឡើង​ក្នុង​ភាពជា​ដៃគូ​សហការ​រវាង AIMF រដ្ឋបាល​រាជធានី​ភ្នំពេញ សាលាក្រុង​ប៉ារីស សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

គម្រោង​នេះ​បាន​ដៅ​លទ្ធផល​រំពឹងទុក​ចំនួន​បី​គឺ​៖ លទ្ធផល​ទី​១ កែលំអ​ជីវភាព​រស់នៅ​របស់​សហគមន៍​នៅតាម​ដង​ប្រឡាយ​ស្ទឹងមានជ័យ តាមរយៈ​ការ​សម្របសម្រួល​ជាមួយ​រដ្ឋបាល​នានា និង​ការ​លើកកម្ពស់​សមត្ថភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ធ្វើផែនការ​និង​ការគ្រប់គ្រង​ទីប្រជុំជន។ លទ្ធផល​ទី​២ កែលំអ​ការអនុវត្ត​ច្បាប់ និង​ការសម្របសម្រួល​រវាង​រដ្ឋបាល​នៅតាម​ថ្នាក់​នានា ដោយ​ប្រើប្រាស់​លទ្ធផល​នៃ​គំនិត​ផ្តួចផ្តើម​សាកល្បង​នានា និង​តាមរយៈ​យុទ្ធសាស្ត្រ​សម្របសម្រួល​មតិ។ លទ្ធផល​ទី​៣ ពង្រឹង​តួនាទី​របស់​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ដើម្បី​បំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​មតិ ការ​កសាង​សមត្ថភាព​សមាជិក ការ​ផ្លាស់ប្តូរ​បទពិសោធន៍​​ ​និង​ការអនុវត្ត​ល្អ។

បន្ទាប់ពី​កិច្ចពិភាក្សា​រួច ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​អនុវត្ត​គម្រោង​ខាងលើនេះ​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu