កំពង់ស្ពឺ ៖ ថៅកែក្លឹបកម្សាន្ត និងខារ៉ាអូខេ «គិរីរម្យ» ដែលមានប្អូនជាមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាខ្នងបង្អែកដែលលួចផ្តល់ទីតាំងសម្រាប់ក្រុមយុវជនភ្លើតភ្លើននាំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ កំពុងរត់គេចខ្លួន បន្ទាប់ពីកម្លាំងចម្រុះគណៈបញ្ជាការឯកភាព ចុះធ្វើរដ្ឋបាលបើកចំហ ហើយបានឆែករកឃើញវត្ថុតាងជាច្រើន ពាក់ព័ន្ធបទល្មើសគ្រឿងញៀននឹងមានវាសនាបែបណា?។
អាជ្ញាធរស្រុកភ្នំស្រួច បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទី រំលងអធ្រាត្រ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក បានធ្វើរដ្ឋបាលចំហក្នុងក្លឹបកម្សាន្ត «គិរីរម្យ» ស្ថិតនៅភូមិ៤ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តន៍តាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលតែម្ដង។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាល បានធ្វើការឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូច និងឧបករណ៍ជក់មួយចំនួនធំ ក្នុងនោះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ តាមបញ្ជាតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។
ប្រភពបានបន្តទៀតថា ក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងសមត្ថកិច្ចជំនាញរកឃើញថា ទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេ «គិរីរម្យ» មានពាក់ព័ន្ធបទល្មើសគ្រឿងញៀនកម្លាំងចម្រុះសម្រេចបិទអាជីវកម្មក្លឹបនេះបណ្ដោះអាសន្ន ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។
តាមប្រភពព័ត៌មានពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានឲ្យដឹងថា ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ «គិរីរម្យ» នេះមាន ឈ្មោះ ទិត្យ ស៊ីណាត ដែលប្អូនប្រុសជាមន្ត្រីប៉េអិមខេត្តកំពង់ស្ពឺ ជាខ្នងបង្អែកផងដែរ។
របាយការណ៍របស់ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងប្រតិបត្តិការក្ដៅគគុកនេះ គឺជាការចុះអនុវត្តន៍វិធានការរដ្ឋបាលចំហនៅក្លឹបឌីស្កូ «គិរីរម្យ» ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដឹកនាំដោយអភិបាលរងខេត្ត និងមានកិច្ចសម្របសម្រួលពី លោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការខេត្ត រួមទាំងអាជ្ញាធរឃុំ/ស្រុកផងដែរ។
របាយការណ៍បានបង្ហាញថា «ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាពរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើន ក្នុងនោះឃាត់ខ្លួនមុខសញ្ញា០២នាក់ (ប្រុស) ឈ្មោះ សុខ ភារៈ តួនាទី DJ មានទីលំនៅភូមិ ឃុំខាងលើ និង ឈ្មោះ រ័ត្ន ភារម្យ មុខសញ្ញាសង្ស័យ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ដើម្បីធ្វើការសាកសួររកមេខ្លោងដែលពាក់ព័ន្ធករណីអនុញ្ញាតឲ្យមានការជួញដូរ និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀននេះ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កំពង់ស្ពឺ បានបញ្ជាក់ថា «ក្រោយប្រតិបត្តិការរដ្ឋបាល ជំនាញរកឃើញវត្ថុតាងសង្ស័យមួយចំនួន ដែលទាក់ទងនឹងការផ្ដល់ទីតាំងឲ្យមានការជួញដូរ ប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ទីតាំងក្លឹបឌីស្កូ គិរីរម្យ ត្រូវបានអាជ្ញាធរស្រុក ខេត្ត ជំនាញ សម្រេចបិទផ្អាកសកម្មភាពជាបណ្ដោះអាសន្ន រង់ចាំកិច្ចស្រាវជ្រាវបន្ត ពីព្រោះទីតាំងនេះ ជាកន្លែងផ្តល់ឲ្យប្រើប្រាស់គ្រឿងញៀន»៕
Source: Kampuchea Thmey Daily
0 Comments