ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ដែលគេដឹងថា នាងទើបសម្រាលកូនខ្ចីផង បានសម្រេចចិត្តគិតខ្លី មកលោតទឹកសម្លាប់ខ្លួន ដោយសង្ស័យថា អាចខូចចិត្តនឹងប្រុសស្នេហ៍ ដែលប្រុងដោះដៃចោល តែសំណាងល្អហើយ ដែលការប៉ុនប៉ងសម្លាប់ខ្លួននោះ ត្រូវបានអ្នកជិតខាងជួយចាប់ឃាត់នាងទាន់ពេល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសុរាម្រិត ស្ថិតខាងមុខណាហ្គាវើល ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេ(នារីវ័យក្មេង)ម្នាក់នោះ ដែលមានអាយុប្រហែល១៨ ទៅ១៩ឆ្នាំ មិនដឹងថា គាត់មកពីណានោះទេ គ្រាន់តែដឹងថា គាត់ធ្វើការនៅតាមហាងបារាំងមួយកន្លែង បានមកអង្គុយផឹកស៊ីជាមួយមិត្តភ័ក្ដិបីបួននាក់ នៅលើសួនច្បារមុខណាហ្គាវើល លុះផឹកស៊ីបានមួយសន្ទុះក្រោយមក ស្រាប់តែនាងស្ទុះរត់ទៅប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តែត្រូវបានមិត្តភ័ក្ដិ ជួយសង្គ្រោះហាមឃាត់ទាន់ពេលវេលា ធ្វើឲ្យនារីរូបនោះនៅអង្គុយយំ ពេលនោះដែរ សមត្ថកិច្ច និងប្រជាពលរដ្ឋ សួរនាំ ក៏នាងមិននិយាយថា មានរឿងអីកើតឡើងនោះទេ បានត្រឹមអង្គុយយំឱបក្បាលជង្គង់ និងនិយាយថា គាត់ទើបតែមានកូនខ្ចីផងជាពិសេសទៀត នាងជាក្មេងកំព្រាម្តាយឪពុកតាំងពីតូចមកម្ល៉េះ។
ក្នុងហេតុការណ៍នោះដែរ បើតាមមិត្តភ័ក្ដិដែលនាំគ្នារត់មកចាប់ឃាត់នាង(ជនរងគ្រោះ) បានបង្ហើបថា មូលហេតុដែលជនរងគ្រោះប្រុងសម្លាប់ខ្លួននោះ គឺដោយសារតែនាងពិបាកចិត្តរឿងសង្សារ ប្រុងដោះដៃចោល ដែលនាងកំពុងតែមានកូនខ្ចីផងនោះ ទើបធ្វើឲ្យនាងពិបាកចិត្ត មកអង្គុយផឹកស៊ី១យប់ទល់ភ្លឺបែបនេះ ហើយក៏កើតគំនិតប្រុងបញ្ចប់ជីវិតដូច្នេះតែម្ដង សំណាងហើយ ដែលពួកគាត់ចាប់ឃាត់នាងទាន់ពេលនោះ។
ប្រភពព័ត៌មានបញ្ជាក់ថា បន្ទាប់ពីឃាត់នាងកុំឲ្យចង់គិតខ្លីដូច្នេះហើយ បានប្រមាណជា១៥នាទីក្រោយមក មិត្តភ័ក្ដិក៏បានចាប់អូសដៃនាងឡើងលើម៉ូតូកង់បីជិះចេញទៅបាត់ទៅតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments