ភ្នំពេញ ៖ បុរសម្នាក់ ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន មេឌីវ៉េត ត្រូវបានថៅកែប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបានរកឃើញភស្តុតាងថា បុគ្គលរូបនេះ បានប្រើល្បិចកលលួចដកយកលុយក្រុមហ៊ុនចាយវាយជាច្រើនដង សរុបអស់ជាង៣ម៉ឺនដុល្លារអាមេរិក រយៈពេលជាង៥ឆ្នាំកន្លងមក រហូតមកដល់ថ្ងៃឃាត់ខ្លួន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យដែលត្រូវបានគេចោទប្រកាន់ខាងលើ ឈ្មោះ ភាង សុភាព អាយុ៣៧ឆ្នាំ មុខរបរផ្នែកទីផ្សារលក់ពងមាន់ នៅក្រុមហ៊ុន មេឌីវ៉េត ស្នាក់នៅផ្ទះជួល ភូមិព្រៃខ្មែរ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមបណ្ដឹងរបស់ លោក ប្រាក់ អីងវង្សធារិន្ទ ប្រធានផ្នែកទីផ្សារ និង ជាតំណាងក្រុមហ៊ុន មេឌីវ៉េត បានបញ្ជាក់ថា កន្លងជនជាប់ចោទ ឈ្មោះ ភាង សុភាព បានមកដាក់ពាក្យសុំចូលបម្រើការងារកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ផ្នែកទីផ្សារលក់ពងមាន់ ដោយទទួលបានប្រាក់បៀវត្សរ៍(ប្រាក់ឈ្នួល)ចំនួន២០០ដុល្លារ ក្នុងមួយខែៗ។
ប្រភពដដែលបានបន្តថា បុគ្គលិករូបនេះ តែងតែប្រមូលលុយមកឲ្យក្រុមហ៊ុនមិនបានគ្រប់ចំនួនទេដកយកទៅចាយវាយផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនឡើយ ហើយនៅពេលក្រុមហ៊ុនសួរនាំ គេឆ្លើយថា អតិថិជន(ម៉ូយ) មិនទាន់ឲ្យលុយ។
ដោយមានការសង្ស័យ ខាងក្រុមហ៊ុនបានបញ្ជូនមនុស្សសម្ងាត់ទៅធ្វើកាស៊ើបសួរតាម ឈ្មោះអតិថិជនទាំងនោះបានរកឃើញថា ទឹកប្រាក់ដែលបានបាត់បង់ដោយសារបុគ្គលិក ឈ្មោះ ភាង សុភាព ប្រើល្បិចដកយកលុយក្រុមហ៊ុនចាយវាយនោះមានចំនួន ៣១.០០០ដុល្លារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
ការរកឃើញនេះ ខាងក្រុមហ៊ុន បានទុកឱកាសឲ្យគាត់រកលុយមកសងក្រុមវិញឲ្យគ្រប់ចំនួនទៅតាមឯកសារ តម្លៃទឹកប្រាក់តាមចំនួនមុខទំនិញ ដែលគេបានទទួលយកពីក្រុមហ៊ុនទៅលក់ចែកចាយ ប៉ុន្តែដោយសារគេមិនមានលុយសងមកក្រុមហ៊ុន ទើបនាំខ្លួនមកឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments