Ad Code

ក្លិប​បឹងកេត បញ្ជូន​កីឡាករ​៣​នាក់ ​ទៅពិនិត្យ​និង​ព្យាបាល​របួស​នៅ​ប្រទេស​វៀតណាម​



ក្លិប​បាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៣​សម័យកាល បាន​បញ្ជូន​កីឡាករ​ចំនួន​៣​នាក់​ ទៅ​ពិនិត្យ​និង​ព្យាបាល​របួស​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ថ្មីៗ​នេះ មុនពេល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ក្នុង​ពេលខាងមុខ​។



យោង​តាម​ការ​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បាន​លើកឡើង​ថា ​កីឡាករ​ទាំង​៣​រូប​ដែល​នាំទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​នេះ​គឺ​កីឡាករ​ម៉ាត់ នូ​រុណ និង ម៉ែន មុន្នី​រ៉ា ត្រូវ​វះកាត់​ព្យាបាល​របួស​សរសៃ​ជង្គង់ (ACL) ដែល​របួស​នេះ​បាន​កើតឡើង​អំឡុង​ការហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី​កន្លងមក​។​ចំណែក​កីឡាករ​មួយរូប​ទៀត​គឺ ពុំ បារាំង ក៏បាន​រួម​ដំណើរ​ជាមួយ​ដើម្បី​ត្រួតពិនិត្យ​របួស​ជង្គង់​របស់​ខ្លួន​ផង ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​កីឡាករ​២​រូប​ផ្សេងទៀត​ទេ​។



​យ៉ាង​ណា​ក្តី​ក្លិប​បឹងកេត បាន​ជូនពរ​ដល់​កីឡាករ​ទាំងបី ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​របួស​របស់​ខ្លួន​នៅឯ​ប្រទេស​វៀតណាម​នេះ ដើម្បី​ឆាប់​ជាសះស្បើយ និង​ត្រឡប់​មកជួយ​ក្លិប​វិញ​នៅ​ថ្ងៃ​ខាងមុខ​។ នេះ​ជា​វិបត្តិ​កីឡាករ​មួយ​របស់​ក្រុម​បឹងកេត ខណៈ​ក្រុម​នេះ​នៅតែ​ជា​បេក្ខភាព​មិនអាច​មើលរំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រដូវ​កាល​ថ្មី​។



​សូម​រំលឹក​ថា ​ក្រុម​បឹងកេត កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុង​ក្រោយ​ ​ក្រោយ​ចាញ់​ក្រុម​ណាហ្គាវើល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu