Ad Code

ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល EducationUSA រៀបចំ​ពិ​ព័រ​ណ៌​អប់រំ ប្រចាំឆ្នាំ​២០១៩



ភ្នំពេញ​ ៖ ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល EducationUSA នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​មួយ ស្តីពី​ការអប់រំ​នៅក្នុង​សហរដ្ឋអាមេរិក សំរាប់​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បង្ហាញ​ពី​ឱកាស​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក សម្រាប់​សិស្ស​និស្សិត​កម្ពុជា ដែល​ពិព័រណ៍​នេះ គឺជា​កន្លែង​ពិសេស​មួយ​សម្រាប់​ឲ្យ សិស្ស និស្សិត​កម្ពុជា ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ស្វែងយល់​ពី​អត្ថប្រយោជន៍​ក្នុង​ការទទួល​បានការ​សិក្សា នៅក្នុង​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​។

ពិព័រណ៍​EducationUSA នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​២​រសៀល ដល់ ៦​ល្ងាច នា​សណ្ឋាគារ Great Duke Hotel អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​។ អ្នកសារព័ត៌មាន​ដែល​ចង់​ធ្វើការ​សម្ភាសន៍ លោក​ភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក ស្តី​ពី​ប្រធានបទ​នេះ សូម​ទៅដល់​បន្ទប់​ប្រជុំ​ធំ​នៃ​សណ្ឋាគារ Great Duke Hotel ត្រឹម​ម៉ោង ១និង០០​រសៀល​។

នៅ​ឆ្នាំនេះ តំណាង​៣០ មកពី​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក នឹង​ជជែក​ជាមួយ​សិស្ស​និស្សិត​កម្ពុជា អំពី​កម្មវិធីសិក្សា​ដែល​មាន សញ្ញាប័ត្រ លក្ខខណ្ឌ​ក្នុង​ការ​ចុះឈ្មោះ​ចូលរៀន និង​ឱកាស ទទួល​បាន​អាហារូបករណ៍ សម្រាប់​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ អ្នកចូលរួម​ការ​តាំង​ពិព័រណ៍​ដទៃទៀត នឹង​ផ្តល់​ព័ត៌មាន​អំពី​ទិដ្ឋាការ​សិស្ស​និស្សិត កម្មវិធី​ផ្លាស់​ប្តូរ​របស់​រដ្ឋាភិបាល​អាមេរិក និង​ការ​ផ្តល់​ការ​ប្រឹក្សា​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក (EducationUSA )​។

សិស្ស​វិទ្យាល័យ​និង​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំងអស់ ដែល​មាន​ចំណាប់អារម្មណ៍ ចង់​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ​។ ឪពុកម្តាយ​សិស្ស និស្សិត​ក៏​ត្រូវ​បាន​ស្វាគមន៍​និង​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ផង​ដែរ​។

EducationUSA គឺជា​បណ្តាញ​មួយ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​មាន​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ ចំនួន​៤០០​មជ្ឈមណ្ឌល នៅ​តាម​ប្រទេស​ជាង​១៧០ នៅលើ​ពិភពលោក​។ បណ្តាញ​នេះ ផ្សព្វផ្សាយ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​របស់​សហរដ្ឋអាមេរិក​ទៅកាន់​និស្សិត​នៅ​ជុំវិញ​ពិភព​លោក​ដោយ​ផ្តល់​ព័ត៌មាន​ថ្មីៗ ពេញលេញ និង​ត្រឹមត្រូវ ស្តីពី​ឱកាស​សិក្សា នៅតាម​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា ដែល​មាន​ការ​ទទួលស្គាល់ នៅក្នុង​សហរដ្ឋអាមេរិក​។ EducationUSA ក៏​ផ្តល់​ផងដែរ​នូវ​សេវា​នានា​ដល់​បណ្តា​សហគមន៍​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ជួយ​អ្នកដឹកនាំ​ស្ថាប័ន​ទាំងនោះ​អាច​សម្រេច​នូវ​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន និង​ធ្វើ​ឲ្យ​សាលា​របស់​គេ​មាន​និស្សិត​អន្តរជាតិ​រៀន​ច្រើន​។ មជ្ឈមណ្ឌល EducationUSA គឺជា​ប្រភព​ព័ត៌មាន​ផ្លូវការ​របស់​អ្នក ស្តីពី​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅក្នុង​សហរដ្ឋអាមេរិក​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu