Ad Code

ក្រុម​ជម្រើសជាតិ​នារី U15 កម្ពុជា ស្ថិតក្នុង​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ថៃ ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន



​យោង​តាម​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​កាលពីពេល​ថ្មីៗ ដោយមាន​ការ​សហការ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ ដែលជា​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់ AFF U-15 Women's Championship 2019 ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា (U-15) ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ និង​ជា​ម្ចាស់​ជើង​២​សម័យកាល​។

ពានរង្វាន់ AFF U-15 Women's Championship មាន​ក្រុម​ចូលរួម​ចំនួន​១០​ក្រុម​ដោយ​ក្នុង​នោះ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា​,​វៀតណាម​,​ឥណ្ឌូណេស៊ី​,​ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ថៃ​,​ឡាវ​,​ម៉ាឡេស៊ី​,​សឹង្ហ​បុរី និង​កម្ពុជា​។ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បានសម្រេច​ជ្រើសរើស​ខេត្ត​ឈុន​បូរី ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​នេះ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ដល់​២២ ខែ ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ។



​សម្រាប់​គម្រោង​ប្រកួត​បើកឆាក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​គឺ​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​សឹង្ហ​បុរី នៅ​ថ្ងៃទី​១០ ខែឧសភា ហើយ​បន្ត​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១២ ខែឧសភា ព្រមទាំង​ប៉ះ​ម្ចាស់ផ្ទះ​ថៃ នៅ​ថ្ងៃទី​១៤ ខែឧសភា និង​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ ខែឧសភា កម្ពុជា ប្រកួត​ជាមួយ​ក្រុម​ឡាវ ដើម្បី​បិទ​ពូល B​។ ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ​ចំនួន​២​ក្រុម​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២០ ខែឧសភា ហើយ​នៅ​ថ្ងៃទី​២២ ខែឧសភា ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។

សូម​បញ្ជាក់​ថា ​ពានរង្វាន់​កម្រិត U-15 នារី​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ទើបតែ​រៀបចំ​បាន​៣​លើក​ប៉ុណ្ណោះ ដោយ​នៅ​ឆ្នាំ​២០០៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជើងឯក​បាន​ទៅ​អូស្ត្រាលី ហើយ​ក្រោយមក​ពានរង្វាន់​នេះ​ក៏​ខកខាន​រៀបចំឡើង​មួយ​រយៈ​រហូត​នៅ​ឆ្នាំ​២០១៧ ពានរង្វាន់​នេះ​រៀបចំឡើង​ម្តង​ទៀត​នៅ​ប្រទេស​ឡាវ ហើយ​ជើងឯក​បាន​ទៅ​ថៃ ស្របពេល​ក្រុម​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ៣​ទល់​១ ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ នៅ​ឆ្នាំ​២០១៨ កន្លងទៅ​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ជើងឯក​បន្ត​បាន​ទៅ​ប្រទេស​ថៃ ហើយ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu