ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ១០ថ្ងៃទៀត បេសកជនរបស់សហភាពអឺរ៉ុប (EU) នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីត្រួតពិនិត្យមើលឡើងវិញ លើការអនុវត្តនូវលក្ខខណ្ឌទាំងឡាយទាក់ទង EBA នេះ ហើយឯកឧត្តមក៏ត្រៀមខ្លួនដើម្បីជួបជាមួយតំណាងសហភាពអឺរ៉ុបនេះផងដែរ ទោះបីមានការងារសំខាន់ៗត្រូវបំពេញក៏ដោយ។
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ខាងលើនេះ ត្រូវបានធ្វើឡើងនៅ ក្នុងទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុបស្តីពី "កម្ពុជាឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទសកលបច្ចុប្បន្ន" កាលពីព្រឹកថ្ងៃទី ១១ មីនា ឆ្នាំ២០១៩។
ថ្លែងពាក់ព័ន្ធដលើបញ្ជាប្រព័ន្ធអនុគ្រោះពន្ធ (EBA) នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ជំហរទីមួយ របស់កម្ពុជា គឺម៉ឺងម៉ាត់ មិនដោះដូរ មិនលក់អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា យើងអរគុណចំពោះរបបអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច ហើយក្នុងនោះក៏បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើច្រើនផងដែរ ពីព្រោះគ្រាន់តែអ្នកធ្វើការនៅក្នុងវិស័យស្បែកជើងមានប្រមាណ៨សែននាក់ ដែលភាគច្រើនជាស្ត្រី។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងចំណោម៨សែននាក់នេះ បានធ្វើឲ្យមនុស្ស២លាននាក់ផ្សេងទៀត រស់បានដោយសារពួកគាត់ ដូចជាអ្នកបើកបរ អ្នកដាំស្ល អ្នកជួលផ្ទះ ហើយក្រៅពីនោះពួកគាត់ត្រូវយកទៅចិញ្ចឹមបងប្អូន បានរៀនសូត្រ ចិញ្ចឹមឪពុកម្តាយ នៅស្រុកកំណើតថែមទៀត ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺតើប្រព័ន្ធអនុគ្រោះពន្ធនេះមានតម្លៃអ្វី ប្រសិនបើយើងបាត់បង់ឯករាជ្យភាព របស់ប្រទេស ពីព្រោះលក្ខខណ្ឌផ្សារភ្ជាប់ជាមួយ EBA នេះ មានលក្ខខណ្ឌការងារ ហើយក៏មានលក្ខខណ្ឌអធិបតេយ្យ និងការគោរពសិទ្ធិមនុស្សផងដែរ ដូច្នេះមានន័យថា ការចាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន សហភាពអឺរ៉ុបមិនទទួលយក គឺគាត់មិនទទួលយកការអនុវត្តច្បាប់នៅក្នុងស្រុករបស់យើង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា “បើយើងមិនអាចអនុវត្តច្បាប់ស្រុកយើងបាន តើយើងធ្វើអ្វីទៀត ហើយច្បាប់មួយចំនួនរបស់កម្ពុជា សហភាពអឺរ៉ុបអ្នកជួយឲ្យយោបល់ និងតាក់តែងថែមទៀត។ ការអនុវត្តច្បាប់ ការការពារអធិបតេយ្យភាព ការការពារសន្តិភាព ពង្រឹងការឯកភាពជាតិ ក្នុងឋានៈជារដ្ឋាភិបាល ដែលទទួលខុសត្រូវមួយ ហើយបើធ្វើអ្វីតាមគេប្រាប់រហូតនោះ គឺបាត់បង់អធិបតេយ្យភាព ហើយវាមានអធិបតេយ្យមកពីណា វាទៅជាខ្ញុំគេហើយ។ ឆ្នាំ១៩៧០ គឺជាមេរៀនសម្រាប់កម្ពុជា”។
ទី២. នៅតែបន្តដើរលើមាគ៌ានៃការលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ។ លោកឧបនាយករដ្ឋមន្ត្រីអះអាងថា ហេតុអ្វីបានជាយើងហ៊ាននិយាយបែបនេះ ? គឺដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសតែមួយដែលមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ប៉ុន្តែប្រទេសដទៃទៀតរាប់រយ គេមិនមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សបែបនេះទេ ហើយឆ្នាំមុននេះ កម្ពុជាក៏បានចុះកិច្ចសន្យាបន្តអាណត្តិរយៈពេល២ឆ្នាំទៀត យើងមានសិទ្ធិគ្រប់គ្រាន់មិនបន្ត ប៉ុន្តែយើងនៅតែបន្តឲ្យមាននៅកម្ពុជាតទៅទៀត ដូច្នេះមានន័យថា កម្ពុជានៅតែមានការលើកស្ទួយស្ថានភាពសិទ្ធិមនុស្ស។
ជាមួយគ្នានោះ កម្ពុជាក៏បានបន្តអាណត្តិឲ្យអ្នករាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិផងដែរ គឺយើងនៅតែទទួលស្វាគមន៍ ទទួលយកនូវអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនេះ ហើយដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅខែមេសាខាងមុខ។ ដែលនៅពេលនោះ អ្នកនាំពាក្យ និងជួបថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងៗ ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏ត្រៀមខ្លួនដើម្បីទទួលជួបអ្នកនាំពាក្យរូបនោះផងដែរ។
ទាក់ទងទៅនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូប រាជរដ្ឋាភិបាលក៏បានចាត់វិធានការ ដើម្បីឲ្យក្រុមមន្ត្រីទាំងនោះទទួលបានសិទ្ធិនៅក្នុងការចូលធ្វើនយោបាយឡើងវិញផងដែរ ហើយការធ្វើលិខិតសុំសិទ្ធិ ដើម្បីធ្វើនយោបាយ គ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះ។ ពីព្រោះច្បាប់បានចែងថា ការលើកលែងរបស់ព្រះមហាក្សត្រ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រីបានអ្វីជាសំអាង គឺមានតែលិខិត ដូច្នេះការស្នើសុំគ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះ អត់មានការចាប់បង្ខំទេ។ ចំណែកទាក់ទងទៅនឹងក្រុមអង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃ ដែលតំណាងឲ្យរាជរដ្ឋាភិបាល ក៏បានរៀបចំជំនួបពិភាក្សាជាទៀងទាត់ ទាំងអង្គការសង្គមស៊ីវិលក្នុងស្រុក និងក្រៅស្រុក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងដែរថា ១០ថ្ងៃទៀតបេសកកម្មរបស់សហភាពអឺរ៉ុប នឹងមកដល់ប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌនៃការត្រួតពិនិត្យមើលឡើងវិញ អំពីការអនុវត្តនូវកិច្ចការទាំងឡាយ ទាក់ទងទៅនឹងការបំពេញឲ្យលក្ខខណ្ឌ EBA ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានត្រៀមខ្លួនដើម្បីជួបជាមួយតំណាងសហភាពអឺរ៉ុបផងដែរ ថ្វីដ្បិតតែមានការងារសំខាន់ៗត្រូវបំពេញ។ ទោះយ៉ាងណាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ យើងនៅតែប្ដេជ្ញាអនុវត្តឲ្យបានល្អ ហើយនិយាយរួមទៅ EBA នេះ គង់តែនឹងបាត់ដោយស្វ័យប្រវត្ត នៅពេលប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយ ដែលមានចំណូលខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments