នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានរៀបចំមហាសន្និបាតលើទី១៣ឆ្នាំ២០១៩ បានរៀបចំបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិចំនួន២កៅអីដើម្បីដឹកនាំក្នុងអាណត្តិឆ្នាំ២០១៩-២០២៣ ខណៈលោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតអែហ្វស៊ី និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានជាប់ឈ្មោះក្រោយទទួលបានការបោះឆ្នោតគាំទ្រលើសលប់។
លោកអ៊ុក សិទ្ធិជាតិ ត្រូវបានចូលមកកាន់តំណែងជាថ្មីបន្ទាប់ពីរូបលោកផ្ទាល់ផុតអាណត្តិ ខណៈសមាជិកថ្មីប្រធានក្លឹបបាល់ទាត់បឹងកេត លោកស្រី ពុធ ធីតា ដែលជាស្ត្រីដំបូងគេក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីលោក ខៀវ ចិន្តាវ័ន្ត ដែលត្រូវផុតអាណត្តិ នឹងប្រកាសលាលែងពីតំណែង។
សូមបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតនេះមាន អ្នកបោះឆ្នោតចំនួន៣៧ សំឡេងមកពីសមាគម និងក្លឹបបាល់ទាត់នានានៅកម្ពុជា ខណៈបេក្ខភាពឈរឈ្មោះមានចំនួន៦រូប រួមមានលោក អ៊ុក សិទ្ធិជាតិ (ឈរឈ្មោះជាថ្មី) លោកស្រី ពុធ ធីតា (ក្លិបបឹងកេត) លោក ខៀវ ចិន្តាវ័ន្ដ (ឈរឈ្មោះជាថ្មី) លោក ហុក សុចិត្រា (ក្លិបវិសាខា) លោក អៀង សាក់នីដា (ក្លិបសូលទីឡូអង្គរ) និងលោក ចាប សុខម៉េង (មកពីខេត្តបន្ទាយមានជ័យ)។
ក្រោយបោះឆ្នោតទទួលសម្លេងឆ្នោតជាផ្លូវការដូចជា ១) លោក អ៊ុក សិទ្ធិជាតិ បានទទួលសម្លេងគាំទ្រចំនួន៣២សម្លេង,លោកស្រី ពុធ ធីតា ទទួលបានសម្លេងគាំទ្រ ២៩សម្លេង,លោក ខៀវ ចិន្តាវ័ន្ដ ទទួលបាន ៣សម្លេង,លោក ហុក សុចិត្រា ទទួលបាន ៤សម្លេង,លោក អៀង សាក់នីដា ទទួលបាន ៦សម្លេង,លោក ចាប សុខម៉េង ពុំទទួលបានសម្លេងគាំទ្រឡើយ។ ដូច្នេះលោកស្រី ពុធ ធីតា និងលោក អ៊ុក សិទ្ធិជាតិជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលមានចំនួន១១រូប ក្នុងនោះមានប្រធាន ១រូប និងអនុប្រធាន ១រូប បូករួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួន៩រូបផ្សេងទៀត៕
Source: Kampuchea Thmey Daily
0 Comments