Ad Code

លោក​Guaido អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មុន​ការវិល​ត្រលប់​ទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា



នៅ​ថ្ងៃ​ចន្ទ មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប្រឆាំង​លោក​ប្រធានាធិបតី Nicolas Maduro ខណៈ​ពេល​លោក​បាន​ប្រកាស​អំពី​ការ​វិល​ត្រឡប់​របស់​លោក​ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ឡាទីន។

អ្នកវិភាគ​បាន​និយាយថា ការ​លេចមុខ​ជាថ្មី​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នឹង​បង្ក​ជា​បញ្ហា​ប្រឈម​ភ្លាមៗ​មួយ​ចំពោះ​លោក Maduro ដែល​នឹងត្រូវ​សម្រេចចិត្តថា​តើ​នឹងត្រូវ​ចាប់ខ្លួន​គាត់​សម្រាប់​ការផ្គើន​នឹង​បម្រាម​ធ្វើដំណើរ​ឬ​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ចូលក្នុង​ប្រទេស​ដោយ​សុវត្ថិភាព​។​

លោក Guaido បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ​ថា “​ខ្ញុំ​នឹង​ប្រកាស​ពី​ការវិល​ត្រលប់មក​ប្រទេស​របស់ខ្ញុំ​វិញ​។ ខ្ញុំ​នឹង​អំពាវនាវ​ដល់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ឲ្យ​ប្រមូលផ្ដុំ​គ្នា​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃស្អែក​វេលា​ម៉ោង​១១​ព្រឹក”។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Guaido ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​ជាង​៥០​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺ​មិនបាន​និយាយ​ពី​របៀប​និង​ពេលវេលា​ដែល​លោក​នឹង​វិល​ត្រលប់​មកវិញ​នោះទេ​ប៉ុន្តែ​មានការ​រំពឹងទុក​ថា គាត់​ប្រហែលជា​ជិះ​យន្តហោះ​ចេញពី​រដ្ឋធានី Bogota របស់​ប្រទេស​កូ​ឡុំ​ប៊ី​ទៅកាន់​ទីក្រុង Caracas។

វា​ក៏​អាចទៅរួច​ដែរ​ដែលថា គាត់​មាន​គម្រោង​ឆ្លងកាត់​ព្រំដែន​ជាប់​ប្រទេស​កូ​ឡុំ​ប៊ី​ដូច​កាលដែល​គាត់​ចាក​ចេញពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយ​អះអាង​នៅពេលនោះ​ថា គាត់​មាន​ជំនួយ​ពី​យោធា​របស់លោក Maduro។

នៅក្នុង​ការ​បង្ហោះ Twitter ទី​២, លោក Guaido បាន​និយាយថា គាត់​នឹង​ផ្តល់​កំណត់ហេតុ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ហើយ​ប្រកាស​អំពី “​សកម្មភាព​បន្ទាប់​” របស់​គណបក្សប្រឆាំង​នៅលើ​បណ្តាញ​សង្គម។

លោក Guaido បានធ្វើ​កិច្ចចរចា​នៅ​ទីក្រុង Salinas កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​លោក​ប្រធានាធិបតី Lenin Moreno និង​បាន​ជួប​ជាមួយ​ជនភៀសខ្លួន​វេ​ណេ​ហ្ស៊ូ​អេ​ឡា។ កាលពី​ថ្ងៃអាទិត្យ​នៅពេល​ថ្ងៃត្រង់ គាត់​បាន​ហោះ​ចេញពី​ទីក្រុង Salinas ដោយ​ពុំបាន​បង្ហាញ​អំពី​ទិសដៅ​របស់​គាត់។

ដោយ​ផ្គើន​ទៅ​នឹង​បម្រាម​ធ្វើដំណើរ​របស់​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក Guaido បាន​ឆ្លងកាត់​ព្រំដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ​ ដើម្បី​ប៉ុនប៉ង​នាំ​យក​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ចូល​ក្នុង​ប្រទេស។ ខណៈ​ពេល​ស្ថិតនៅ​ប្រទេស​កូ​ឡុំ​ប៊ី លោក​បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu