Ad Code

ម៉ន ភារ​ម្យ និង ចាន់ សាន់ ឈ្នះ​ជុំ​ដំបូង​ នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by K.cement ទម្ងន់​៥៤​គីឡូក្រាម​



អ្នក​ប្រដាល់ ​ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ប៊ុន គ​ន្ធា ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by K.cement ទម្ងន់​៥៤​គីឡូក្រាម កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​០២ ខែ​មីនា ឆ្នាំ​២០១៩ លើ​ស​ង្វៀន TV5 ព្រែកកំពឹស។​
​ ​
ប៊ុន គ​ន្ធា គេ​វាយ​ចាញ់​ ម៉ន ភារ​ម្យ ដោយ​ពិន្ទុ។ ​ការ​ប្រកួត​ដែលមាន​តែ​៣​ទឹក​នោះ ​នរណា​ក៏មាន​ជំនឿ​ចិត្ត​ថា គ​ន្ធា​ មានឱកាស​យកឈ្នះ​លើ​ភា​រម្យ​ដែលជា​អ្នក​ប្រដាល់​ចូលចិត្ត ឌឺ រូបនេះ​ដែរ។​
​ ​
តែ​ផ្ទុយទៅវិញ គ្រាន់តែ​ស្នូរ​ជួង​ នៃ​ការ​ចាប់ផ្ដើម​ទឹក​ទី​១ បន្លឺ​ឡើង​ ភ្លាមនោះ ភា​រម្យ​ ចាប់ផ្ដើម​បើក​ការ​វាយ​សម្រុក​ភ្លាម។​ គ​ន្ធា​ ដែល​ចូលចិត្ត​ប្រើ​កែង និង ជង្គង់​ផ្ដួល​គូប្រកួត​នោះ​បែរជា​វាយ​ចេញ​មិន​រួច​ហើយ​បានត្រឹមតែ​ការពារ​ប៉ុណ្ណោះ។​

​ក្នុងការ​ប្រកួត​៣​ទឹក ភា​រម្យ​ មានប្រៀប​លើ​គ​ន្ធា​ទាំង​៣​ទឹកតែ​ម្ដង។ ចប់​ការប្រកួត ​ម៉ន ភារ​ម្យ ឈ្នះ​ប៊ុន​គ​ន្ធា ​ដោយ​ពិន្ទុ។

គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​បី​ទឹក ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី អ្នក​ដែល​ចាញ់ ​គឺ​ត្រូវ​ជ្រុះ​ធ្លាក់​ហាលអាវ​ហើយ។​

ដូច្នេះ ប៊ុន គ​ន្ធា គេ​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ជម្រុះ​ពានរង្វាន់ ​Knock Out series by K.cement ទម្ងន់​៥៤​គីឡូក្រាម ត្រឹម​ជុំ​ទី​១​នេះ។ ឯ ម៉ន ភារ​ម្យ គេ​នឹងត្រូវ​នៅ​បន្ត​ការប្រកួត​ក្នុង​ជុំ​ទី​២​ទៀត។​

ចំណែក ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ គេ​ក៏បាន​វាយ​ឈ្នះ រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដែរ ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​១​នេះ។ ​រិ​ទ្ធ ប្រាក់​ប៊ិន ត្រូវ​ចាន់ សាន់ ប្រើ​កណ្ដាប់ដៃ​ដាល់​ចំហៀង​ឆ្វេង​ស្តាំៗ ធ្វើឲ្យ​ខូច​ជំហរ​ប្រកួត​ជាច្រើនលើក។ ប៉ុន្តែ​យ៉ាងណា រិ​ទ្ធ ប្រាក់​ប៊ិន គេ​នៅ​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

ជាមួយនឹង​ជ័យជម្នះ​នេះ ចាន់ សាន់​ គេ​នៅ​បន្ត​ការប្រកួត​ទៀត​នៅក្នុង​ជុំ​ទី​២​បន្តទៀត ឯ រិ​ទ្ធ ប្រាក់​ប៊ិន ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

ការប្រកួត​ដណ្តើមពាន​រង្វាន់​Knock Out series by K.cement ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់ មកពី​តាម​បណ្តា​ក្លិប​អង្គភាព​ស្ទើរតែ​ពេញ​ប្រទេស​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ។​

ការប្រកួត​ជម្រុះ​ចម្រាញ់​រក​កីឡាករ​ដែល​ខ្លាំង​នោះ នឹង​ធ្វើជា​៣​ដំណាក់កាល ដោយ​ក្នុងចំណោម​៣២​
នាក់ ក្នុង​ដំណាក់​ទី​១​ចម្រាញ់​ទុក​១៦​នាក់ ដំណាក់កាល​ទី​២ ទុក​៨​នាក់ ដែល​ជា​អ្នកឈ្នះ​សម្រាប់​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​៣ ដែលជា​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ជើងឯក។​

ដោយឡែក ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​វិញ វេ​ង សុ​ភ័​ក្រ​ អ្នក​ប្រដាល់​កម្ពុជា​ក្លិប​កង​ពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Loom Leng ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​នោះ។

វេ​ង សុ​ភ័​ក្រ ចាញ់​Loom Leng នេះ អាច​និយាយបានថា សុភ័ក្ត្រ​ វាយ​បាន​ល្អ​ហើយ បើ​វាយ​មិន​បា​ន​ល្អ​ច្បាស់​ជា​សន្លប់​ដោយសារ​ទម្ងន់​ជើង​របស់​អ្នក​ប្រដាល់​ថៃ​Loom Leng បាត់ទៅហើយ។ កន្លងមក​មាន​អ្នក​ប្រដាល់​ខ្លាំងៗ​របស់​កម្ពុជា​មិនតិច​នាក់​ទេ ដែល​ត្រូវ​ដួលសន្លប់​ក្រោម​ទម្ងន់​ជើង​Loom Leng ។​

ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សយ សុខ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ គឿ​ម សុវណ្ណ​នឿ​ត ​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu