Ad Code

លោក​Trump និយាយ​ថា សវនាការ​របស់​លោក Cohen បាន​រួម​ចំណែក​ដល់​ការ​បរាជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងជើង



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការសាកសួរ​របស់​សភា ​កាលពី​សប្តាហ៍​មុន​លើ​អតីត​មេធាវី​របស់​លោក ​អាច​នឹង​រួមចំណែក​ដល់​ការ​បរាជ័យ​នៃ​កិច្ចប្រជុំ​កំពូល​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ ថ្វីបើ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​អះអាង​ថា កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​គឺជា​ជោគជ័យ​មួយ​ក៏ដោយ។

ជំនួប​កំពូល​លើក​ទី​ពីរ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ដកហូត​អាវុធ​ជាមួយ​លោក​គីម​បាន​បញ្ចប់ទៅ​នៅក្នុង​ភាពវឹកវរ​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​លោក Trump បាន​និយាយថា “​ពេលខ្លះ អ្នក​ត្រូវតែ​ដើរចេញ​ហើយ​នេះ​គ្រាន់តែ​ជា​ពេលវេលា​មួយ​ប៉ុណ្ណោះ”។

កិច្ចប្រជុំ​កំពូល​នេះ​បាន​ប្រព្រឹត្តទៅ​ចំពេល​ដែល​គណៈកម្មាធិកា​រ​សភា​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​បាន​សាកសួរ​លោក Michael Cohen ដែលជា​អតីត​មេធាវី​របស់លោក Trump ដោយបាន​ហៅ​អតីត​មេ​របស់គាត់​ថា​ជា “​អ្នក​ប្រកាន់​ជាតិ​សាសន៍​, កុហក​និង​បោកប្រាស់​”​។​

កាលពី​ថ្ងៃអាទិត្យ លោក Trump បាន​ថ្លែងថា សវនាការ​នេះ​អាចរួមចំណែក​ចំពោះ​បរាជ័យ​។​
​លោក​បាន​បង្ហោះ Twitter ថា “​សម្រាប់​អ្នកប្រជាធិបតេយ្យ ការសម្ភាសន៍​នៅក្នុង​សវនាការ​បើកចំហរ​ចំពេល​មាន​កិច្ចប្រជុំ​កំពូល​នុយក្លេអ៊ែរ​ដ៏​សំខាន់​ជាមួយ​កូរ៉េខាងជើង​គឺ​ប្រហែលជា​កម្រិត​ទាប​ថ្មី​នៅក្នុង​នយោបាយ​អាមេរិក​ហើយ​ប្រហែលជា​បានរួម​ចំណែក​ដល់​ការបរាជ័យ”។

ប៉ុន្តែ​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​បាន​ប្រាប់​កម្មវិធី “Face the Nation” របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ​ថា ជំនួប​កំពូល​នេះ​គួរតែ​ត្រូវបាន​គេ​មើលឃើញថា​ជា “​ជោគជ័យ​” ហើយ​បានកំណត់​ប្រធានាធិបតី​ថា​បានការ​ពារ​និង​ជំរុញ​ផលប្រយោជន៍​ជាតិ​របស់​អាមេរិក​។​

លោក​បាន​និយាយថា បញ្ហា​គឺថា តើ​កូរ៉េខាងជើង​នឹង​ទទួលយក​អ្វី​ដែល​លោក​ប្រធានាធិបតី​ហៅថា “​កិច្ចព្រមព្រៀង​ដ៏​ធំ​” ដែលជា​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ដែរ​ឬ​អត់។

លោក Bolton បាន​បន្ថែម​ថា “​ដូច្នេះ​លោក​ប្រធានាធិបតី​បាន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​របស់គាត់​ហើយ​គាត់​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​គាត់​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ នឹង​លោក​គីម​ជុង​អ៊ុន។ ខ្ញុំ​មិន​ចាត់ទុកថា​វា​ជា​បរាជ័យ​ទាល់តែសោះ​នៅ​ពេល​ផលប្រយោជន៍​ជាតិ​អាមេរិក​ត្រូវ​បាន​ការពារ​”​។​
ការ​បរាជ័យ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​បាន​កើតឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​ទាំងពីរ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​បាន​បង្កើត​នូវ​ការប្តេជ្ញាចិត្ត​មិន​ច្បាស់លាស់​ពី​លោក​គីម​ក្នុងការ​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​ចេញពី​ឧបទ្វីប​កូរ៉េ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu